ព័ត៌មានទាន់ហេតុការណ៍៖

ដោះលែងអន្ទិត ស្រិល វណ្ណាត្រឡប់ទៅផ្ទះវិញ ចំពេលក្នុងហ្វេសប៊ុកបង្ហោះរឿងហូបពោត

ចែករំលែក៖

បន្ទាយមានជ័យ៖ បន្ទាប់ពីព្រះអនុគណក្រុងប៉ោយប៉ែតចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ព្រះនាម ស្រិល វណ្ណាហៅអៀម វណ្ណា នឹងត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីការពារសុវត្ថិភាពបានប៉ុន្មានម៉ោងនោះ សមត្ថកិច្ចបានអនុញ្ញាតឲ្យអន្ទិតរូបនេះបានវិលត្រឡប់ទៅផ្ទះវិញ នាវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ជាថ្ងៃចាប់ផ្សឹកហើយដែរ។

លោក សិទ្ធ ឡោះ ស្នងការងរងនគរបាលខេត្តបណ្ទាយមានជ័យបានឲ្យភ្នាក់ងារកាសែតនគរវត្តដឹងថា ចៅអធិការវត្តភ្នំបាក់លើ និងជាអនុគណៈក្រុងសិរីសោភ័ណឈ្មោះ ស្រិល វណ្ណា ហៅអៀម វណ្ណា ដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យដឹកមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនមែនឃាត់ខ្លួននោះទេគឺដឹកគាត់ចេញពីហ្វូងមនុស្សដែលចង់ប្រើហិង្សានៅក្បែរព្រះវិហារជាកន្លែងផ្សឹកហើយ មកដល់ពេលនេះឈ្មោះ ស្រិល វណ្ណា ហៅអៀម វណ្ណា ត្រូវបានប្រគល់ជូនមន្ទីរធម្មការនិងសាសនាឲ្យត្រឡប់ទៅវិញហើយដើម្បីទៅពិនិត្យសម្ភារៈក្នុងកុដិវត្តភ្នំបាក់លើ។ ចំពោះការដោះលែងទៅវិញនេះ គឺដោយយោងគ្មានពាក្យ បណ្តឹងពីដើមបណ្តឹង ។

លោក យិម យឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹថាក្រោយពេលផ្សឹកចៅអធិការវត្តភ្នំបាក់លើដែលបរាជិកដោយចោទប្រកាន់ពីស្ត្រីឈ្មោះ កាយ វិតា អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត បានចោទថាបានចាប់នាងរំលោភ បានសម្រេចនិងគម្រាមហើយត្រូវមន្ត្រីធម្មការនិងសាសនាខេត្តរួមជាមួយមន្ត្រីសង្ឃផ្សឹក រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅវត្តសុមាធិផលស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ក្រោយពេលផ្សឹកចៅអធិការវត្តភ្នំបាក់លើ គេឃើញប្រជាពលរដ្ឋជាច្រើនបានចោមរោមបម្រុងប្រើហិង្សា ហើយដោយមានការព្រួយបារម្ភខ្លាចផ្ទុះហិង្សារកើតឡើងនិងការពារសុវត្ថិភាពកម្លាំងនគរបាលស្នងការនគរបាលខេត្តប្រមាណ១០នាក់ការពារយកឡើងរថយន្តដឹកមកស្នងការដ្ឋាននគរបាលខេត្តតែម្តងទៅ ។ជាមួយគ្នានេះដែរនៅ ម៉ោង២រសៀលថ្ងៃដដែលមន្ត្រីធម្មការនិងសាសនារួមជាមួយមន្ត្រីសង្ឃបាននាំឈ្មោះ ស្រិល វណ្ណា ហៅអៀម វណ្ណា ទៅវត្តភ្នំបាក់លើដើម្បីធ្វើត្រួតពិនិត្យសម្ភារៈផ្ទាល់ខ្លួនត្រូវបានប្រគល់ជូនយកទៅផ្ទះវិញហើយ វត្តនេះត្រូវបានតែងតាំងបណ្តោះអាសន្ននូវចៅអធិការវត្តភ្នំបាក់លើព្រះនាម សុភា ទិត្យ (សាមណេរ)ដែលបួស៥វស្សាមកហើយនៅវត្តភ្នំបាក់លើ ស្ថិតភូមិភ្នំបាក់សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។

ប្រភពមួយបានឲ្យដឹងថា បន្ទាប់ពីផ្ទុះរឿងដោយបង្ហោះរូបភាពចៅអធិការវត្តភ្នំបាក់លើដែលមានរូបស្និតស្នាលជាមួយស្ត្រីដើមចោទហើយរូបភាពជាច្រើនសន្លឹកដែលប៉ះពាល់សាសនាធ្វើឲ្យភាគីនារីឈ្មោះ កាយ វិតា គ្រោងប្តឹងសង្ឃអង្គនេះតែត្រូវបានចាស់ទុំសម្របសម្រួលសុំកុំឲ្យប្តឹងដើម្បីទុកជជែកគ្នារកដំណោះស្រាយបន្តទៀត ម្ល៉ោះហើយទើបសមត្ថកិច្ចមិនចាត់ការតាមច្បាប់ ព្រោះគ្មានពាក្យ បណ្តឹង និងបានអនុញ្ញាត ឲ្យអន្ទិត បានវិលត្រឡប់ទៅផ្ទះវិញ ។

យ៉ាងណាទាក់ទិនរឿងនេះគេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក និងក្រុមនានា មានគេ បង្ហោះរូបភាព Troll ជាច្រើន ពាក់ព័ន្ធករណីព្រះសង្ឃស្រិល វណ្ណាហៅអៀម វណ្ណា ឆាន់ពោតជាមួយស្រីស្នេហ៍ ហើយកើតជារឿងរ៉ាវ ឈានដល់ចាប់ផ្សឹកព្រះសង្ឃបរាជិកនោះ។ក៏នៅមានរូបភាពជាច្រើនទៀត ត្រូវបានគេបង្ហោះឡើង រួមមាន៖ “ពោត ជាអាវុធប្រល័យលោក” ហូបពោតខុសបច្ចេកទេស “អ្នកវិទ្យាសាស្ត្រវ័យក្មេង ជាអ្នករកឃើញអាវុធប្រល័យលោក គឺកញ្ញា លីតា” “ផ្អាកឆាន់ពោតមួយរយៈ” “ស៊ីពោតស្ងោរ អាចនាំឲ្យខូចអនាគត ដូច្នេះមុននឹងស៊ី ត្រូវចេះប្រុងប្រយ័ត្ន” “តើមួយណាជាអាវុធប្រល័យលោក?” “កញ្ញា លីតា ស្ថាបនិករកឃើញអាវុធប្រល័យលោក” ជាដើម។

យ៉ាងណាក៏ដោយ ខាងស្រី ឈ្មោះ លីតា ដែលជាក្មេងស្រីវ័យក្មេងមានអាយុ១៩ឆ្នាំ បានអះអាងថា នាងបង្ហោះរូបភាព និងវិដេអូ កៀកកើយរវាងនាង និងសង្ឃបរាជិក ដោយសារតែខាងសង្ឃនោះ ព្យាយាមគេចពីនាងនិង បិទទូរស័ព្ទមិនព្រមឆ្លើយឆ្លងគ្នា ។ នាងទាមទារឲ្យថ្នាក់ដឹកនាំសង្ឃ ចាប់លោកនោះ ផ្សឹក ហើយនាងប្តឹងពីបទរំលោភ និងគំរាម ប៉ុន្តែដោយចាស់ទុំសម្របសម្រួលសុំកុំឲ្យប្តឹង ទើបក្រុមគ្រួសាររបស់នាងកំពុងពិចារណាមិនទាន់ដាក់ពាក្យបណ្តឹងនៅឡើយ៕ ប្រាថ្នា


ចែករំលែក៖