ភ្នំពេញ ៖ លោក ស៊ូ សារ៉ាត់ នាយករង រដ្ឋបាលខណ្ឌឫស្សីកែវ និងលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យ ខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រុមការងារជំនាញពាក់ព័ន្ធមួយចំនួនចុះទៅធ្វើការហាមឃាត់ និងដកហូតយកសម្ភារសំណង់របស់សាកលវិទ្យាល័យអន្តរជាតិវេស្ទើនមួយ កន្លែងយ៉ាងធំស្កឹមស្កៃដែលលួចសាងសង់រាប់ខែមកហើយ ទាំងគ្មានលិខិតអនុញ្ញាតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសក្រោយពីចេញសេចក្ដីជូនដំណឹងច្រើនលើកច្រើនសាមកហើយ តែម្ចាស់សំណង់ ឬជាង សំណង់នៅតែមិនព្រមស្ដាប់មិនដឹងពួក គាត់អាងអីនោះទេ ។
ការចុះហាមឃាត់និងឈានដល់ការ ដកហូតយកសម្ភារសំណង់យ៉ាងធំស្កឹមស្កៃនៃសាកលវិទ្យាល័យអន្តរជាតិវើស្ទើន ខាងលើនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតផ្លូវ វិឡាទួលសង្កែ កែងផ្លូវលេខ៥៩៨ ហៅផ្លូវ ជាសុផារ៉ា ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួល សង្កែទី២ ខណ្ឌឫស្សីកែវ ក្រោយពីទទួល បានបទបញ្ជាពីលោក ស៊ូ សោគន្ធ អភិ បាលរងខណ្ឌតំណាងលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវដើម្បីអនុវត្តឲ្យមាន ប្រសិទ្ធភាពទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីលិខិត អនុញ្ញាតសាងសង់ និងសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញរួមទាំងបទដ្ឋានរបស់ស្ថាប័នជំនាញរៀបចំដែនដីន គរូបនីយកម្ម និងសំណង់របស់លោក-លោក ស្រីជាម្ចាស់សំណង់ ឬជាងសំណង់ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយ បំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌដោយរង់ចាំរហូតទទួលបាន លិខិតអនុញ្ញាត និងលិខិតបើកការដ្ឋានទើបអាចបន្តការសាងសង់តទៅទៀតបាន ។
លោក ស៊ូ សារ៉ាត់ និងលោក លឹម សាម៉ឺឌី បានបញ្ជាក់ថា មុនឈានដល់ការចុះហាមឃាត់ដកហូតយកសម្ភារសំណង់ របស់សាកលវិទ្យាល័យអន្តរជាតិវើស្ទើន មករក្សាទុក រដ្ឋបាលខណ្ឌបានចេញសេចក្ដីជូនដំណឹងជាច្រើនលើកមកហើយ តែម្ចាស់សំណង់ ឬជាងសំណង់នៅតែមិនព្រមស្ដាប់តាមការណែនាំដដែលជា ដដែល។
លោកបន្តថា បើក្នុងករណីម្ចាស់សំណង់ ឬជាងសំណង់នៅតែមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរហើយនៅតែបន្តលួចសាងសង់ទាំងមិនមានលិខិតអនុញ្ញាត នោះរដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាល ដកហូតយកសម្ភារឧបករណ៍សំណង់មក រក្សាទុកជាបណ្ដោះអាសន្នដោយមិនទទួល ខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើងដោយគ្រោះថ្នាក់ពលកម្ម ការបាក់ស្រុតដួលរលំ សំណង់អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ខូច ខាតទ្រព្យសម្បត្តិអ្នកដទៃនោះលោក-លោក ស្រីជាម្ចាស់សំណង់ ឬជាងសំណង់ដាច់ ខាតទទួលខុសត្រូវទាំងស្រុងចំពោះមុខ ច្បាប់ជាធរមាន ។
សំណង់ជាច្រើនកំពុងរីកដុះដាលគ្រប់ កន្លែងក្នុងខណ្ឌប្ញស្សីកែវ តែសំណង់ខ្លះ ម្ចាស់ទុនធ្វើច្បាប់ស្នើសុំត្រឹមត្រូវខ្លះទៀតលួចលាក់ឬស៊ុមក្រលុំជាមួយមន្រ្តីសាលា ខណ្ឌមួយចំនួនកុំឲ្យពួកគាត់ចុះមករករឿងក៏មានដែរ ៕ អរុណរះ