ខេត្តសៀមរាប ៖ ម្តាយចិត្តអប្រិយម្នាក់បានដាច់ចិត្តយកកូនខ្លួនបង្កើតដែលទើបនឹងប្រសូត្របាន២ថ្ងៃសោះយកទៅបោះចោលក្នុងព្រៃធ្វើឲ្យស្រមោច អង្ក្រងចោមរោមខាំស្រែកយំគួរឲ្យខ្លោចចិត្ត។
ប៉ុន្តែទារិកាកម្សត់នោះ ត្រូវបានគេប្រទះឃើញហើយក៏នាំយកមកសង្ក្រោះ នៅមន្ទីរពេទ្យកុមារ អង្គរក្រុងសៀមរាប ខេត្តសៀមរាប ហើយឥឡូវនេះទារិកានៅមានជីវិតនៅឡើយទេ ។
ប្រភពព័តត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍គោកចកបានឲ្យដឹងថា ទារិកាដែលត្រូវគេបោះចោលនេះ ត្រូវបានប្រទះរកឃើញកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងព្រៃមួយកន្លែងក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ខណៈដែលស្ត្រី២នាក់កំពុងដើររកកាប់អុស ក្បែរកន្លែងនោះ ក៏បានឮសំឡេងក្មេងយំយ៉ាងខ្លាំងចេញពីក្នុងព្រៃហើយពួកគាត់ទៅមើលក៏ប្រទះឃើញទារិកាខាងលើកំពុងស្រមោច ណិងអង្ក្រងរោម។
ក្រោយពីឃើញទារិកាដ៏អភ័ព្វនោះ ពួកគាត់ក៏បានរាយការណ៍ទៅអាជ្ញាធរសង្កាត់គោកចក ហើយសហការគ្នាចុះទៅយកទារិការូបនោះរួចហើយក៏បញ្ជូនមកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដើម្បីសង្គ្រោះបានទាន់ពេលវេលា។
ចំពោះឪពុកម្តាយទារិកាអប្រិយរូបនោះគេមិនទាន់ដឹង ឬស្គាល់ថាមានលំនៅឋាននៅឯណា និងមូលហេតុអ្វីបានជាយកកូនទៅបោះចោលនៅឡើយទេ ។
យ៉ាងណាក៏ដោយទង្វើអមនុស្សធម៌របស់ឪពុកម្តាយអប្រិយរបស់ាទារិកានេះត្រូវបានមហាជនរិះគន់ថា មិនសមកើតជាមនុស្សទេ ព្រោះគ្មានចិត្តមេត្តាធម៌ចំពោះកូនដែលខ្លួនបង្កើតមកនោះ។ ម្តាយធុននេះអន់ជាងសត្វតិរច្ឆានទៅទៀត ព្រោះសត្វក៏វាចេះស្រឡាញ់កូន ថែទាំង និងបំបៅដោះឲ្យកូនរស់ដែរ៕ ប៊ុនរិទ្ធី