ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូទាំងស្ថានភាពស្រវឹងក្នុងល្បឿនលឿនជ្រុលបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសបែកមុខមាត់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខហាង ដាណូ តាមបណ្តោយផ្លូវសឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដា សង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1K 5629 ធ្វើដំណើរតាមបណ្តោយផ្លូវសឡាក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជោកជាំ ខណះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនឹងបង្គោលភ្លើងនិងថូផ្កានៅខាងមុខផ្ទះគេបណ្តាលឲ្យរងរបួសខ្លួនឯង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែកម៉ូតូដោយសារតែម្ចាស់ថូផ្ការមិនរករឿងប្តឹងផ្តល់ទើបសមត្ថកិច្ចប្រគល់ឲ្យបងប្អូនមកទទួលយកទៅជួសជុលខ្លួនឯង ៕ សុខាសែនជ័យ