ព័ត៌មានទាន់ហេតុការណ៍៖

ទូរស័ព្ទលេងសើចជាមួយប្រពន្ធបានមួយសន្ទុះ រត់ទៅចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប ៖ ស្ទើរតែមិនគួរឲ្យជឿ ដែលបុរសម្នាក់ជាគ្រូបង្រៀនម្នាក់ បានទូរស័ព្ទ ទៅលេងសើចជាមួយប្រពន្ធសុខៗ មិនដឹងមានរឿងអីទៅធ្វើអត្តឃាតចងក បញ្ចប់ជីវិត នៅខាងក្រោយផ្ទះស្លាប់ចោលប្រពន្ធកូន ស្រែកយំយ៉ាងទ្រហឹង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ កាលពីវេលាម៉ោង ១និង១៥ នាទី រសៀល ថ្ងៃ ពុធ ៨ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ខាងក្រោយផ្ទះ ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កង ណូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ គ្រូបង្រៀន អនុវិទ្យាល័យ រុនតាឯក មានប្រពន្ធ ឈ្មោះ យ៉ែម សាអឿត ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរគ្រូបង្រៀន សាលាបឋមសិក្សា ត្បែង។

ស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង ១០និង៤៥ នាទីព្រឹក ប្តី របស់គាត់ បានទូរស័ព្ទ ទៅរកគាត់ដោយសួរថា អូនឯងឲ្យបង ទៅយកដែរឫទេ? គាត់ក៏បាន ឆ្លើយតបទៅវិញថា មិនបាច់ទៅយកទេ ចាំខ្ញុំជិះជាមួយគេទៅបានហើយ ។ ពេលនោះ ប្ដីក៏ឆ្លើយតបទៅវិញថា បងនឹកអូនណាស់ និយាយបែបលេងសើច ជាមួយគ្នាជាធម្មតាទេ។ លុះពេលគាត់មកដល់ផ្ទះ អត់ឃើញប្ដីនៅក្នុងផ្ទះទេ ហើយ ទូរស័ព្ទចូល តែមិនមាន អ្នកលើក ក៏នាំម្ដាយមីង និងបងប្អូនដើររក ស្រាប់តែ ឮទូរស័ព្ទរោទ៍ ម្ដាយមីងក៏ដើរទៅមើល ឃើញប្តី ចងនឹងដើមស្វាយចន្ទី មានកម្ពស់ ៣,៦០ ម៉ែត្រ ចងនឹងខ្សែអង្រឹងពណ៌ខ្មៅនៅក្រោយផ្ទះស្លាប់បាត់ទៅហើយ។

ប្រភពពីក្រុមគ្រួសារសពវិញបានឲ្យដឹងថា មុនថ្ងៃកើតហេតុ ម្ដាយបង្កើត របស់ជនរងគ្រោះ បាននាំជនរងគ្រោះទៅពិនិត្យជំងឺ នៅខេត្តសូរិន្ទ ប្រទេសថៃហើយគ្រូពេទ្យបានឲ្យថ្នាំទុកលេប នៅផ្ទះដោយមានជំងឺផ្លូវចិត្តប្រចាំកាយ ។ លុះមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានកើតហេតុបែបនេះធ្វើឲ្យក្រុមគ្រួសារសោកសង្រេងណាស់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖