ខេត្តរតនគិរី៖ ស្ត្រីម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយសារកើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃព្យាបាលមិនជា ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចចំការស្វាយចន្ទីខាងក្រោយផ្ទះរបស់ខ្លួនប្រហែល៦០ម៉ែត្រ នៅក្នុងភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវើនសៃ ។
មន្ត្រីនគរបាល ស្រុកវើនសៃបានឲ្យដឹងថា ខណ:ជនរងគ្រោះបានបាត់ពីផ្ទះតាំងពីយប់ថ្ងៃទី៦ ខែមិថុនា ហើយត្រូវបានសាច់ញាតិខំដើររករហូតដល់ម៉ោង១យប់ ថ្ងៃទី៨ ខែមិថុនា ទើបប្រទះឃើញចងកសម្លាប់ខ្លួន ដោយយកខ្សែអង្រឹងប្រវែង២ម៉ែត្រទៅចងកជាប់នឹងដើមស្វាយចន្ទី នៅក្រោយផ្ទះនោះតែម្តង ។
ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ គឹត ស៊ុន អាយុ៤៤ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យនឹងធ្វើកោសល្យវិច័យលើសាកសពឃើញថា ពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែនមិនមែនជារឿងអ្វីផ្សេងនោះទេ ហើយបានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត