ភ្នំពេញ៖ រថយន្តបាឡែន១គ្រឿងបើកបត់ឆ្វេងឆ្លងក្នុងល្បឿនលឿនពេកជុលទៅបុកបង្គោលសម្គាល់លេខផ្លូវបណ្តាលវៀចមួយដើមហើយរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសហើយត្រូវបានគេសង្ស័យថាអ្នកបើកបរស្រវឹងស្រា ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៤០នាទីយប់ ស្ថិតនៅចំណុចផ្លូវភ្នំពេញហាណូយ កែង និងផ្លូវ២៨គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវយ័ចំណាស់ម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-6028 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿងយ៉ាងលឿលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ២៨គ្រួសារលឿនពេក បួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលសម្គាល់លេខផ្លូវបណ្តាលឲ្យវៀចមួយដើម ។ ចំណែករថយន្តបង្កមិនអស់ល្បឿនបានជុលទៅមុខប្រមាណជាង១០០ខ្ទេចផ្នែកខាងមុខខាងឆ្វេងទៅមុខលេងរួច តែមិនបង្កឲ្យមានអ្នកណារងរបួស ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងទៅយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ តុង សីហា