ខេត្តព្រះសីហនុ៖ មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាក ISUZU រេចង្កូតចូលទៅបុករថយន្តបែនម៉ាក HYUNDAI ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា កាលពីវេលាម៉ោង ២២ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 134-135 ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បង្កដោយរថយន្តម៉ាក ISUZU ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ 2A-2417 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បានរេចង្កូតចូលទៅបុករថយន្ត បែន ម៉ាក HYUNDAI ក្បាលពណ៌ស ទ្រុងពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6591 ដែលមានទិសដៅបញ្ច្រាសទិសគ្នា បណ្តាលអោយអ្នកជិះក្នុងរថយន្តISUZU មានគ្នា បីនាក់ ក្នុងនោះស្លាប់ ០២នាក់ និងរបួសធ្ងន់០១នាក់។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ម៉េង និត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ(ស្លាប់នៅនឹងកន្លែងកើតហេតុ), ឈ្មោះ មាស ចិត្រា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ(ស្លាប់នៅនឹងកន្លែងកើតហេតុ)និងឈ្មោះ មិន ណែត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែររបួសធ្ងន់ (ត្រូវបានកម្លាំង អាវុធហត្ថ ស្នាក់ការសនិ្តសុខ ៤០២ សហការជាមួយកម្លាំងនគរបាលស្រុកកំពង់សីលា បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ ជនរងគ្រោះ ទាំង៣នាក់ រស់នៅភូមិអូរត្រេះ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រីឯអ្នកបើកបររថយន្តបែនបានរត់គេចខ្លួនបាត់ស្រមោល ។
ចំណែករថយន្តសមត្ថកិច្ចចាត់ចែងបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ