ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់បាក់ជើងនិងដៃ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះម៉ូតូហើយត្រូវម៉ូតូមួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងនិង០៧ និង០០នាទីព្រឹក ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
យុវជនរងគ្រោះខាងលើមានឈ្មោះ សាយ ម៉ាន់យ៉ា អសយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រងរបួសបាក់ដៃជើង ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលកំពុងជិះម៉ូតូ ម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GW-3895 ទៅធ្វើការរោងចក្រ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ សេ១២៥ មួយគ្រឿង បើកស្របទិសគ្នា វ៉ាជែង មកកៀរ បណ្តាលឲ្យដួលបោកផ្ទប់នឹងខឿន ចិញ្ចើមផ្លូវ តែម្តង ហើយម៉ូតូបង្ក មិនដួល បានបើករត់គេចទៅបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ ដើម្បីរងចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕ សុខាសែនជ័យ