ខេត្តឧត្តរមានជ័យ៖ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ លោក គន់ គីម នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋបីភូមិមកពីឃុំអន្លង់វែង ស្រុកអន្លង់វែង ដើម្បីទទូលយកសំណូមពរនូវបញ្ហាផ្សេងរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីស្តាប់សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋ លោក គន់ គីម បានឲ្យក្រុមការងារគណបក្សប្រជាជននៅមូលដ្ឋាន និងអាជ្ញាធរភូមិឃុំ ត្រូវចុះទៅពិនិត្យជាក់ស្តែង និងលើកវិធានការដោះស្រាយភ្លាមៗ ហើយក្នុងករណីហួសសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍មកលើសុំការដោះស្រាយពីថ្នាក់លើតាមលទ្ធភាពជាក់ស្តែង។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលតែងតែចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនក្នុងរយៈកាលកន្លងមក និងសូមឲ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀត។
ដោយឡែកចំពោះតម្លៃអគ្គិសនី ដែលប្រជាពលរដ្ឋសំណូមពរតាមរយៈរូបលោកនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអគ្គិសនីកម្ពុជា សម្របសម្រួលជាមួយក្រមហ៊ុនឯកជន ឲ្យយកតាមតម្លៃរដ្ឋ ចាប់ពីខែកក្កដាខាងមុខនេះ ដោយរដ្ឋជាអ្នកបង់ថ្លៃលម្អៀងជូន ហើយបញ្ហានេះធ្វើឲ្យពួកគាត់រីករាយជាខ្លាំង៕