ព័ត៌មានទាន់ហេតុការណ៍៖

នារីស្រស់ស្អាតធ្វើការនៅកាស៊ីជួបគ្រោះថ្នាក់ចរាចរណ៍សន្លប់ច្រើនម៉ោង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នារីស្រស់ស្អាតស្លៀកខោខូវប៊យខើចលើភ្លៅម្នាក់ ត្រូវបានអ្នកស្រុកប្រទះឃើញដេកសន្លប់ស្តូកស្តឹង នៅជិតម៉ូតូស្គូពីមួយគ្រឿង កាលពីកណ្តាលអធ្រាត្រឈានចូលថ្ងៃ សៅរ៍ ១១ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៨លើផ្លូវបេតុង ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតដោយគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលនាងទើបត្រឡប់ចេញពីចូលរួមកម្មវិធីជប់លៀងនៅផ្ទះ មិត្តភក្តិដែលគេសង្ស័យថានាងអាចស្រវឹងស្រាផង ទើបជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ។

នគរបាលចរាចរក្រុងប៉ោយប៉ែតបានឲ្យដឹងថា នារីរងគ្រោះឈ្មោះពេជ្រ ស៊ីថា អាយុ៣៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត និងមានទីលំនៅក្នុងភូមិកើតហេតុ ។ នាងជិះម៉ូតូម៉ាកហុងដា ស្គូពី ពណ៌.ស ពាក់ស្លាកលេខបាត់ដំបង1T.5103 ។

ករណីនេះអ្នកភូមិបានលាន់មាត់ថានេះចាត់ទុកជាសំណាងល្អហើយ ដែលនាងជួបគ្រោះថ្នាក់ តែប៉ះចំសុទ្ធតែមនុស្សចិត្តធម៌ សុខចិត្តនាំគ្នានៅមើលថែ និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យរករថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យនោះ ។ រហូតទល់ព្រឹកថ្ងៃដដែលនេះ នារីរងគ្រោះមិនទាន់ដឹងខ្លួនដែល អាចសួរនាំបាននៅឡើយទេ ប៉ុន្តែយោងសម្តីស្ត្រីជាម្តាយប្រាប់ថា កូនគាត់ក្រោយចេញពីធ្វើការកាស៊ីណូគេ ផ្លាស់សម្លៀកបំណាក់រួចបន្តដំណើរទៅចូលរួមកម្មវិធីមិត្តភក្តិ ។ លុះទៀបភ្លឺ ទើបទទួលដំណឹងពីគេប្រាប់មកថា កូនស្រីចូលដេកពេទ្យនៅក្រុងប៉ោយប៉ែត តែមិនដឹងថា នាងជិះម៉ូតូដួលខ្លួនឯង ឬ ត្រូវរថយន្តបុកឲ្យដួលហើយរថយន្តបើកគេចបាត់ឬយ៉ាងណាទេ ៕ វណ្ណា


ចែករំលែក៖