ភ្នំពេញ: បុរសម្នាក់មិនដឹងជាមានបញ្ហាអ្វី ដោយគេសង្ស័យថាបែកថ្នាំញៀន បានបើករថយន្តស៊េរីទំនើបមួយគ្រឿង មកឈប់នៅលើស្ពានជ្រោយចង្វាថ្មី រត់ដេញចាប់ម៉ូតូ និងរថយន្តនៅលើស្ពាន ហើយបម្រុងលោតទឹកសម្លាប់ខ្លួន តែសមត្ថកិច្ចដេញចាប់ឃាត់ខ្លួនបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វា ដើម្បីរង់ចាំទាក់ទងរកក្រុមគ្រួសារ មកទទួលយកទៅផ្ទះវិញ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កាលពីម៉ោងជិត៣រំលងអធ្រាត្រ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វាថ្មីសង្កាត់-ខណ្ឌជ្រោយចង្វា ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលគេសង្ស័យថាបែកថ្នាំមានអាយុប្រហែលជាង៣០ឆ្នាំ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីសស៊េរី GS450ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-5422 ។
តាមប្រភពព័ត៌ពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ហើយបានបើកមកឈប់នៅលើស្ពានជ្រោយចង្វា បម្រុងលោតទឹកសម្លាប់ខ្លួន ភ្លាមៗនោះក៏ត្រូវបានសមត្ថកិច្ច ឃាត់តែបុរសនោះ មិនស្តាប់ថែមទាំរត់ចូលម៉ូតូឡាន នឹងដេញចាប់ឡានម៉ូតូពេញលើស្ពាន ។ មួយសន្ទុះក្រោយមកទើបកម្លាំងសមត្ថកិច្ចចាប់ឃាត់បុរសនោះបានរុញដាក់ក្នុងរថយន្តរបស់គាត់ តែបុរសនោះមិនព្រមចូលក្នុងរថយន្ត ដោយរើលបំរាស់រមិចរមួលខ្លួន មួយសន្ទុះបានរុញបុរសនេះចូលរថយន្តបាន តែដោយសមត្ថកិច្ចបញ្ឆេះរថយន្តមិនឆេះ ក៏បានហៅរ៉ឺម៉កម៉ូតូកង់បី ដឹកយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋាបាលជ្រោយចង្វាដើម្បីឲ្យស្វាងថ្នាំញៀននិងទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ ៕ ជ្រោយពេជ្រ