ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនសិស្សមណ្ឌលអង្គការ S.O.S ម្នាក់ទៀតហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១១និង០៥នាទីព្រឹក កម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសហការធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធនិងករណី លួចមានស្ថានទំម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ១៥ ផ្លូវ លេខ៣២៧ កែងផ្លូវ លេខ៥៩៦ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៤និង៣៥នាទីល្ងាចកន្លងមកនេះ ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មណ្ឌលអង្គការ S.O.S ថ្នាក់ទី១០B ស្នាក់នៅផ្ទះលេខ១៣៦C ផ្លូវបេតុង ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2008 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1I-4258 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8276002 (ជាម៉ូតូដែលជនសង្ស័យទាំងពីរជិះធ្វើសកម្មភាពឆក់ ) ។ ចំណែកជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណស (ក្រោយកើតហេតុជិះម៉ូតូចេញទៅបាត់ដោយពុំបាន ដាក់ពាក្យបណ្ដឹងទេ ) ។

មន្រ្តីដដែរបន្តទៀតថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣៥នាទីល្ងាច ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស មិនចាំស្លាកលេខ ជិះតាមបណ្ដោយផ្លូវលេខ៣២៧ ទិសដៅពីត្បូងទៅជើង ពេលជិះមកដល់ចំណុចផ្លូវកែងលេខ៥៩៦ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកម៉ូតូចំណែកជនសង្ស័យឈ្មោះ សេង ចាន់ថេន ហៅ ថេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជិះពីក្រោយ រួមនិងបក្សពួក៤នាក់ទៀត ជិះម៉ូតូចំនួន២គ្រឿង បានជិះមកអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចហើយជនសង្ស័យឈ្មោះ សេង ចាន់ថេន បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីដៃជនរងគ្រោះបានសម្រេចតែម្តង ។ ចំណែកជនសង្ស័យទាំង៤នាក់ជិះម៉ូតូ២គ្រឿងជាអ្នកជិះបិទគូទពីក្រោយ ពេលឆក់បានហើយជនសង្ស័យទាំងនោះព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីខាងក្រោយជនសង្ស័យរួចស្រែកថាចោរៗ ភ្លាម នោះជនសង្ស័យឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ និងឈ្មោះ សេង ចាន់ថេន បានជិះម៉ូតូទៅបុកនឹងម៉ូតូឡាំប៉ាតាឥណ្ឌា បណ្ដាលឲ្យម៉ូតូជនសង្ស័យទាំងពីរនាក់នេះដួល ភ្លាមនោះជនសង្ស័យឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ បានលើកម៉ូតូហើយជិះម៉ូតូគេចខ្លួនជាមួយបក្សពួកដែលជិះបិទគូទនោះបាត់ទៅ ។ ចំណែកជនសង្ស័យឈ្មោះ សេង ចាន់ថេន ហៅ ថេន ក៏ត្រូវជនរងគ្រោះតាមមកទាន់រួចក៏យកទូរស័ព្ទដៃពីដៃជនសង្ស័យឈ្មោះ សេង ចាន់ថេន យកទៅវិញហើយជិះម៉ូតូចេញទៅបាត់ទៅដោយពុំបាន ដាក់ពាក្យបណ្ដឹងទេ ដោយឡែកជនសង្ស័យឈ្មោះ សេង ចាន់ថេន ហៅ ថេន ក៏ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ អន្តរាគមន៍ឃាត់ខ្លួនបាននាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងទៀតថា បន្តពីធ្វើការសាកសួរជនសង្ស័យហើយ រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង០៥នាទីព្រឹក កម្លាំងសមត្ថកិច្ចបានសហការធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ លី សុវណ្ណដារា ហៅ រ៉ា ហៅ មាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ នៅចំណុចមុខសាលាមណ្ឌលអង្គការ S.O.S ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាង ម៉ូតូជិះធ្វើសកម្មភាពឆក់ រួចបញ្ជូនយក មកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះសមត្ថកិច្ចបានយកទឹកនោមជនសង្ស័យទាំងពីររូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាពអវិជ្ជមាន(គ្មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ចំណែកបក្ខពួកដែលនៅសេសសល់ផ្សេងទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត ដើម្បីដាក់ទោសតាមច្បាប់ ៕ស តារា


ចែករំលែក៖