ភ្នំពេញៈ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសថៃ ប្រចាំនៅកម្ពុជា ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួង ពាណិជ្ជកម្ម បានស្នើឲ្យភាគីថៃ ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ចំពោះករណីប្រើប្រាស់និមិត្តសញ្ញាជាតិរបស់កម្ពុជា (ប្រាសាទអង្គរវត្ត) នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើចរាចរណ៍លក់នៅតាមទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរេអាល់ នៃប្រទេសកាណាដា។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍ លោកឯកអគ្គរាជទូត និងបានលើកឡើងអំពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា នឹងថៃ ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិការលើវិស័យពាណិជ្ជកម្ម ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកបានខៅឌីន ក្នុងខេត្តស្រះកែវ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរអន្តរជាតិ និងការពង្រីកកិច្ចសហការធុរកិច្ចរបស់ពាណិជ្ជករនៃប្រទេសទាំងពីរជាដើម ។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ ថានឹងអាចសម្រេចបានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០ តាមផែនការដែលគ្រោងទុក ខណៈដែលឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានចំនួន ៦ប៊ីលានដុល្លារ រួចទៅហើយ។
ជាការឆ្លើយតប លោក ប៉ានីយ៉ារ៉ាក់ ពូលធុប បានជម្រាបលោករដ្ឋមន្ត្រី អំពីចំណាត់ការរបស់អាជ្ញាធរថៃ ក្នុងការជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយតំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់ របស់ភាគីថៃ ។
លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលកន្លងមកបានជួយសម្របសម្រួលពាណិជ្ជករថៃ ក្នុងការធ្វើធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជាបានយ៉ាងល្អប្រសើរ ។
គួររំលឹកដែរថា កាលពីកំឡុងខែមីនា កន្លងមកនេះ ប្រទេសកម្ពុជា និងថៃឡង់ដ៏ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ ក្នុងនោះ ប្រទេសទាំងពីរបានព្រមព្រៀងពង្រឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។
ជាមួយនេះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួនពីរ គឺ១.យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តនៅជាប់ព្រំដែន និង២.អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕ ប្រាថ្នា