ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ នៅវេលាម៉ោង៨ព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានបញ្ជួជនសង្ស័យ៥នាក់ទៅតុលាការ ពីបទ គាស់ទម្លុះទម្លាយ (គាស់ចំរឹងបង្អួចចូលលួចយកទ្រព្យ សម្បត្តិ និងគ្រឿងអលង្ការ) ប្រជាពលរដ្ឋ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌិន ឡាំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅផ្ទះ លេខD9 ផ្លូវលំ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចបញ្ជួនទៅតុលាការមានឈ្មោះទី០១ ឈ្មោះ សាន ជាតក់ ហៅ តក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២ ឈ្មោះ បូ សុខហួន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៣ ឈ្មោះ យុន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤ ឈ្មោះ ឌូ រតនា ហៅ ហុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៥ ឈ្មោះ នួន លីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង៥នាក់ខាងលើ ស្នាក់នៅក្នុងរោងស្នាក់នៅ ក្បែរគំនរសំរាម ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើតាមសម្ដីពីរជនរងគ្រោះបានប្រាប់ឲ្យដឹងថា. កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៣០នាទី ទៀបភ្លឺ គាត់បានចាក់សោទ្វារផ្ទះ និងទ្វាររបងផ្ទះ ហើយនាំគ្នាចេញទៅធ្វើការរៀងៗខ្លួន រហូតដល់វេលាម៉ោង៦ និង៣០នាទីល្ងច ថ្ងៃខែឆ្នាំដដែល គាត់ក៏បានត្រឡប់ផ្ទះវិញ ហើយបានចាក់សោទ្វារដើរចូលក្នុងផ្ទះ ឃើញបង្អួចត្រូវបានចោរគាស់ចំរឹងទំលាក់ទៅលើឥដ្ឋការ៉ូ រួចចូលលួចយកទ្រព្យសម្បត្តិមានខ្សែកផ្លាកទីនចំនួន២ខ្សែ សរុបចំនួន៤ជី និងសម្ភារផ្សេងទៀតមួយចំនួន ហើយគេចខ្លួនបាត់ ។
ជនរងគ្រោះបន្តទៀតថា ពេលនោះ រូបគាត់ក៏បានទៅសុំម្ចាស់ផ្ទះឈ្មោះ សាន ចន្ធូ ភេទស្រី អាយុ៣០ឆ្នាំ ដែលមានផ្ទះក្បែរគ្នា មើលកាមរាសុវត្ថិភាពដែលដាក់នៅខាងមុខផ្ទះរបស់គាត់ បានឃើញជនសង្ស័យឈ្មោះ នួន លីម ជាអ្នកធ្វើសកម្មភាពគាស់ចំរឹងបង្អូចចូលលួចយកទ្រព្យសម្បត្តិខាងលើ ។
លុះដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៣ និង៣០នាទីរសៀល ជនសង្ស័យឈ្មោះ នួន លីម បានមកធ្វើសកម្មភាពលួចគាស់យបង្អូចផ្ទះរបស់ប្រជាពលរដ្ឋ ម្ដងទៀត គ្មានមនុស្សរស់នៅបិទទ្វារចាក់សោ តែត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ឃើញក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ហើយដោយកម្លាំងសមត្ថកិច្ចយើងកំពុងជិះម៉ូតូល្បាតនៅក្បែរកន្លែងកើតហេតុនោះស្រាប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ នួន លីម ភ្លាមៗ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោពេលនោះជនសង្ស័យឆ្លើយសារភពថារូបគេនៅបក្ខពួក៤នាក់ទៀត ។
លុះថ្ងៃទី១០ ខែឆ្នាំដដែល វេលាម៉ោង១០ និង៣០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកដែលកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បាន៤នាក់បន្តទៀត និងបានយកមកសួរនាំនៅអធិការខណ្ឌដង្កោ និងករសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ