ភ្នំពេញ ៖ គិតចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានជួយក្មេងចំនួន៣៣ម៉ឺននាក់ ក្នុងចំណោមក្មេងចំនួន៧៥ម៉ឺននាក់ ហើយក្នុងអាណិត្តថ្មីនេះគឺជួយកុមារបានប្រមាណ០៣ម៉ឺននាក់បន្ថែមទៀត សរុបប្រមាណ៣៦ម៉ឺននាក់ ឲ្យចាកផុតពីការប្រើប្រាស់កម្លាំងពលកម្មកុមារ។ នេះយោងតាម លោក វ៉េង ហៀង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិពលកម្មកុមារ (គ.ជ.ព) និងជាប្រធាននាយកដ្ឋានការងារកុមារលើកឡើងថា ខណៈដែលការធ្លាក់ចុះនៃកម្លាំងពលកម្មកុមារបានថយចុះយ៉ាងគំហុគ ។
នៅក្រោយបញ្ចប់ពិធីអបអរសាទរខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ លោកអគ្គលេខាធិការ នៃគ.ជ.ព បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័តមានថា ចំនួនសរុបក្មេងខាងលើនេះបើធៀបនឹងគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រទេសកម្ពុជាបានគៀកបំផុតក្នុងចំណោមប្រទេសទាំង០៥លើពិភពលោក ក៏ដូចជាសហរដ្ឋអាមេរិក ក៏បានវាយតម្លៃថា កម្ពុជាជាប្រទេសនាំមុខក្នុងចំណោមប្រទេសចំនួន១៣ផងដែរ លើពិភពលោក ក្នុងការងារប្រឆាំងកម្លាំងពលកម្មកុមារ។
លោក វ៉េង ហៀង បានបន្តថា ដោយឡែកក្នុងឆ្នាំ២០១៧កន្លងទៅនេះ ក្រោមថវិការបស់រាជរដ្ឋាភិបាលបានដកហូតក្មេងចំនួន៤០០នាក់ ពីទម្រង់ធ្ងន់ធ្ងរការងារពលកម្មកុមារដោយមិនរាប់បញ្ចូលពីក្រុមប្រឹក្សា និងយុវជនទេ ក្នុងនោះមាននៅក្នុងខេត្តចំនួន០៤ ដូចជា៖ ខេត្តត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ និងខេត្តកែប ដែលកុមារទាំងនោះធ្វើការនៃវិស័យទម្រង់ខុសៗគ្នា រួមមាន៖ ខាងផ្នែកឡឥដ្ឋ នេសាទ កសិកម្ម ចំណាក់ស្រុក និងមួយចំនួនផ្សេងទៀតធ្វើការក្នុងតំបន់គ្រោះថ្នាក់ដែលមានអាយុចន្លោះពី០៦ ដល់១២ឆ្នាំ។
តាមការលើកឡើងរបស់លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិកាក្រសួងការងារនិងបណ្តុះបណ្តាលបានឲ្យដឹងថា ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព(២០១៥-២០៣០) ដែលចែងអំពីការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើននូវការអនុវត្ត ការប្តេជ្ញាចិត្តទាំងនេះ។
យោងតាមរបាយការណ៍ការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា នៅប្រទេសកម្ពុជាចំនួនពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ចបានធ្លាក់ចុះជិតពាក់កណ្តាលពី ៧៥០.០០០នាក់ មកត្រឹម៤២៩.៣៨០នាក់ និងទម្រង់ធ្ងន់ធ្ងរបំផុតបានថយចុះ២៥៣.០០០នាក់ មកត្រឹម២៣៦.៤៩៨នាក់ ទោះបីកំណើនប្រជាជនបានកើនឡើងពី១០លាននាក់ក្នុងឆ្នាំ២០០១ ដល់ជិត១៥លាននាក់ក្នុងឆ្នាំ២០១៣ (ប្រភពវិទ្យាស្ថានជាតិស្ថិតិ) ៕ស តារា