ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ឈរលេងលើផ្លូវជាតិត្រូវចោរឆក់ខ្សែកអស់១ដំឡឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្រែកចោរៗឆក់ខ្សែកខ្ញុំហើយបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់ចោមរោមមើល យ៉ាងច្រើនកុះកុញ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ខណៈមានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងមិនស្គាក់ម៉ាកបានធ្វើសកម្មភាពឆក់ខ្សែកបានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានចក ស្ថិតនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុករំដួលបានឲ្យកាសែតនគរវត្តដឹងថាស្ត្រី ដែលរងគ្រោះមានឈ្មោះ ប្រាក់ វាន្នី អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិចក ឃុំចក ស្រុករំដួលផ្ទះក្បែរកន្លែងកើតហេតុខាងលើ ។

ប្រភពបន្តថា ចំពោះសម្ភារដែលត្រូនៅវបាត់បង់មានខ្សែកមាសចំនួន១០ជីស្មើនឹងមួយដំឡឹង ។

បើតាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតគាត់បានឈរលេងលើផ្លូវជាតិ ខណៈនោះស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកដោយជិះមកក្បែ ខណៈជនសង្ស័យម្នាក់ជិះពីក្រោយ ក៏បានធ្វើសកម្មភាពឆក់ខ្សែកគាត់ ដោយកន្ត្រាក់យកបាន ហើយជិះគេចចេញបាត់ស្រមោល ទើបគាត់ស្រែកចោរៗផ្អើលឲ្យដេញចាប់ ប៉ុន្តែយឹតពេលទៅហើយ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងធ្វើកំណត់ហេតុ ខណៈប្រកាសតាមវិទ្យុទាក់ទងតាមបណ្ដា ស្រុកក្រុងដើម្បីស្វែងរកភិនភាគជនសង្ស័យ តែហាក់គ្មានសង្ឃឹមនោះទេ ៕ យឹម សុថាន


ចែករំលែក៖