ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋក្នុងភូមិជាច្រើនមានការភ័យស្លន់ស្លោរត់ជាន់ជើងគ្នា ខណៈអគ្គិភ័យមួយបានឆាបឆេះពូកនៅលើផ្ទះជាន់ទី១ នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ។
បើតាមសម្តីលោកពូ សាម វ៉ន អាយុ៦៤ឆ្នាំ ត្រូវជាម្ចាស់ដែលអគ្គិភ័យឆាប់ឆេះបានឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់បានឡើងលេងនៅផ្ទះ នឹងបានដុតធុបមូសទុកចោល ហើយក៏ចុះមកលេងក្រោមផ្ទះវិញ ស្រាប់តែមួយសន្ទុះក្រោយមកក៏លឺសម្លេងប្រជាពលរដ្ឋស្រែកថាភ្លើងឆេះផ្ទះគាត់ ភ្លាមៗនោះលោកពូក៏បានឡើងទៅមើលលើផ្ទះឃើញមានអណ្តាតភ្លើងកំពុងឆេះពូកខ្នើយ ហើយគាត់នឹងប្រជាពលរដ្ឋជិតខាងបានសការគ្នាយកបំពង់ពន្លត់អគ្គិភ័យនឹងតទុយយោទឹកបាញ់ស្រោចឲ្យរលត់ទៅវិញភ្លាមៗដោយមិនរាលដាលធំដុំឡើយ។
ចំពោះករណីនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅសងខាងកន្លែងកើតហេតុមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះផ្ទះពួកគាត់ភាគច្រើនធ្វើអំពីឈើ តែសំណាងល្អដែលអគ្គិភ័យនេះបានរលត់ទៅវិញ ។ គួរបញ្ជាក់ថាពេលកើតហេតុក៏មានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចមូលដ្ឋានផងដែរ ៕ ភារ៉ា ដង្កោ