ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ៖ ប្រកាសតែងតាំង លោក ម៉ុក ចន្ឌ័ករុណា ជាអភិបាលរងខណ្ឌដូន ពេញ ជំនួសលោកឈឹម ឌីណា ចូលនិវត្តន៍

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីប្រសិទ្ធភាពការងារ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសតែងតាំង លោក ម៉ុក ចន្ឌ័ករុណា ជាអភិបាលរងខណ្ឌដូនពេញជំនួសលោកឈឹម ឌីណា ចូលនិវត្តន៍ (លោកម៉ុក ចន្ឌ័ករុណា មកពីក្រសួងបរិស្ថាន)។ ការប្រកាសតែងតាំង អភិបាលរង១រូបនៅខណ្ឌដូនពេញនេះ គឺតម្រូវឲ្យការងារ រដ្ឋបាលនៅសាលាខណ្ឌអនុវត្ដផ្ទៃក្នុងទៅដោយរលូន ពិសេសការងារ បម្រើសេវាសាធារណៈ សម្រាប់ផលប្រយោជន៏ជូនប្រជាពលរដ្ឋប្រកប ដោយតម្លាភាព សមធម៌ និងប្រសិទ្ធភាព ។

ពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចនេះធ្វើឡើង ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង មន្ត្រីចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។ ពិធី ប្រកាសតែងតាំងនេះ បានប្រព្រឹត្ដ កាលពីព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខណ្ឌដូនពេញ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាម មន្ដ្រីបម្រើការងារនៅសាលាខណ្ឌ និងក្នុងនាមជា មន្ត្រីចំណុះអោយរដ្ឋបាលខណ្ឌ ដែលជាអាណាព្យាបាល នៅមូលដ្ឋាន ត្រូវបំពេញការងារ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ ។

លោកបន្ដថា៖ ការប្រកាសតែងតាំងនេះ ធ្វើឡើងជាធម្មតា ទៅតាម នីតិវិធី នៃច្បាប់ ជាក់ស្តែងសម្រាប់ពេលនេះគឺបានប្រកាស់តែងតាំងលោក ម៉ុក ចន្ឌ័កតុណា ជាអភិបាលរងខណ្ឌពេញ ជំនួសលោក ឈឹម ឌីណា ដោយត្រូវ ចូលនិវត្តន៍ ។ ដូច្នេះលោក ម៉ុក ចន្ឌ័ករុណា ត្រូវយកចិត្តទុកដាក់ ប្រកបដោយជោគជ័យនិងសហការការ សាមគ្គីភាពអោយបានល្អ ដើម្បីជម្រុញ ការបម្រើសេវាសាធារណៈឲ្យទទួលបានការគាំទ្រ មានជំនឿជឿទុកចិត្តមកលើ អាជ្ញាធរមូលដ្ឋាន ។

លោក ម៉ុក ចន្ឌ័ករុណា បានឡើងប្ដេជ្ញាចិត្តថា ៖ លោក នឹងយកអស់កម្លាំងកាយចិត្តបម្រើការងារជូនប្រជាពរដ្ឋ និងបង្កើនការងារ របស់ខ្លួនឲ្យបានទ្វេដង ដើម្បីអនុវត្ដការងាគោល នយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ពិសេស រក្សាសាមគ្គី ភាព ផ្ទៃក្នុងឲ្យបាល្អជាមួយគ្នា ។ លោកបន្ដថា៖ ក្នុងនាមលោកជាអភិបាលរង នេះលោក នឹងបំពេញលើការងារនេះ អោយកាន់តែល្អ ដោយត្រូវជួយទាំងកម្លាំងកាយ និងចិត្តដល់អ្នកមានបញ្ហាជូនចំពោះប្រជាពលរដ្ឋ នៅសហគមន៏ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដើម្បីសម្រេចភារកិច្ចនេះឲ្យបានល្អ មន្ដ្រី ដែលទើបនិងទទួលភារកិច្ចថ្មី ត្រូវខិតខំ គោរពប្រតិបត្ដិ តាមផែការការងារ ច្បាស់លាស់ និងចំគោលដៅដើម្បីអនុវត្តន៍ដោយរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរដែនដី ខណ្ឌ សង្កាត់។

លោកបន្ដថា៖ ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់ កិច្ចការដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ដោយអនុវត្តន៍ឲ្យបានជាក់ស្ដែង នូវការកែទម្រង់ ស៊ីជម្រៅ លើគ្រប់ វិស័យ របស់រាជរដ្ឋាភិបាល ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយអនុវត្តន៍ តាមពាក្យស្លោក បម្រើ ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង គឺដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិ ៕ សំរិត


ចែករំលែក៖