ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាអ្នកថ្មើរជើងម្នាក់របួសធ្ងន់ខណៈដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹង

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្តីចំណាស់ជាអ្នកថ្មើរជើងម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូមួយគ្រឿងបើកបុកពេញមួយទំហឹងរងបួសធ្ងន់ នៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ស្រ្តីជាអ្នកថ្មើរជើងរបួសធ្ងន់ឈ្មោះ ខៃ សុខា ភេទស្រីអាយុ៦២ឆ្នាំ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកស្ត្រីជាអ្នកជិះម៉ូតូឈ្មោះ ឆេង ស្នា ហៅង៉ោ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិតាំងក្រាំង ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុន១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI-1410 ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្តីរងគ្រោះជាអ្នកថ្មើរជើងបានដើរតាមបណ្ដោយផ្លូវជាតិលេខ៦ លុះដើរមកដល់កន្លែងកើតហេតុស្រាប់តែស្រ្តីរងគ្រោះបានឆ្លងផ្លូវ ក្នុងទិសដៅពីកើតទៅលិច ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ជិះដោយឈ្មោះ ឆេង ស្នា ហៅង៉ោ បានបុកស្ត្រីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្ត្រីជាអ្នកថ្មើរជើងដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់ រីឯស្ត្រីជាអ្នកជិះម៉ូតូរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ស្ត្រីរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចណែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីខាងលើនេះគឺបណ្ដាលមកពីស្រ្តីរងគ្រោះជាអ្នកថ្មើរជើងដើរឆ្លងផ្លូវមិនប្រយ័ត្ន មិនមើលឆ្វេង មើលស្ដាំមុនឆ្លងផ្លូវ ទើបត្រូវម៉ូតូបុករងរបួសធ្ងន់បែបនេះ ៕ ស្អាងជ័យ

 


ចែករំលែក៖