ខេត្តព្រៃវែង ៖ នាសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងបាន បើកពិធីផ្សព្វផ្សាយការងារសេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខដល់នាយ នាយរង អាវុធហត្ថ ក្រោមការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក កាន់ ទ្រី មេបញ្ជាការរង ទទួលការមងារ ស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថ ព្រៃវែង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។
ពិធីផ្សព្វផ្សាយការងារសេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខនេះ មាននាយ នាយទាហានរង កងរាជអាវុធហត្ថចំណុះឲ្យខេត្តព្រៃវែងប្រមាណជាង៥០នាក់ ដែលបានមកបំពេញបន្ថែមជាមួយនឹងការស្រូបយក បទពិសោធន៌ការងារ ពីថ្នាក់ដឹកនាំ ។
លោកវរសេនីយ៍ឯក កាន់ ទ្រី មេបញ្ជាការរង ទទួលការមងារ ស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថ ព្រៃវែងបានលើកឡើង អំពីកិច្ចខិតខំប្រឹង ប្រែងរបស់នាយ នាយរងអាវុធហត្ថទាំងអស់គ្នា ដែលបានលះបង់កម្លាំងកាយចិត្ត ប្រកបដោយស្មារតី ទទួលខុសត្រូវតាមតួនាទី ភារកិច្ច ។ ក្នុងនោះ ការស្រាវជ្រាវលើព័ត៌មានសន្តិសុខ ដើម្បីធានាឲ្យបាននូវការក្តោបព័ត៌មាន ពីគ្រប់មជ្ឈដ្ឋាន ប្រយោជន៍មានវិធានការ ទប់ស្កាត់រាល់បទល្មើសដែលកើតមាន និងបម្រុងនឹងកើតមានជាដើម ។
នាយ នាយរងអាវុធហត្ថ មានលក្ខណៈសម្បតិ្តក្នុងការចូលរួម ការពារសន្តិសុខ ជាតិ ការពារប្រជាពលរដ្ឋ រក្សាសន្តិសុខ សណ្តាប់ធ្នាប់គ្រប់ទីកន្លែង និងប្រកប ដោយក្រមសីលធម៌ វិន័យ សេចក្តីថ្លៃថ្នូរ ។
លោកមេបញ្ជាការរងបន្តថា ការផ្សព្វផ្សាយលើផែនការសេនាធិការ ស្រាវជ្រាវ ព័ត៌មានសន្តិសុខ ដែលនាយ នាយរង អាវុធហត្ថបាននឹងកំពុងសិក្សារៀន សូត្រនាថ្ងៃនេះ ពិតជាបានធ្វើឲ្យការងាររបស់យើងម្នាក់ៗ មានសក្កានុពល និងធ្វើឲ្យអង្គភាពនីមួយៗ ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមាន ការរីកចម្រើន តាមរយៈធនធានមនុស្ស ៕ សុខខេមរា