ព័ត៌មានទាន់ហេតុការណ៍៖

ចែកផ្លូវគ្នាជាងមួយឆ្នាំ មកជួបសុំជានាគ្នាក្នុងផ្ទះសំណាក់ ម្តាយប្តឹងថាមានករណីចាប់មនុស្សបង្ខាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: សមត្ថកិច្ចនគរបាលក្រុងនាំគ្នាឈឺក្បាល បន្ទាប់ពីស្រ្តីវ័យចំណាស់ម្នាក់ប្តឹងថា មានគេចាប់បង្ខាំងកូនស្រីនៅក្នុងផ្ទះសំណាក់ តែពេលចុះទៅធ្វើអន្តរាគមន៍ទើបដឹងថា ជារឿង ប្តីប្រពន្ធមួយគូដែលបានចែកផ្លូវគ្នាបានជាងមួយឆ្នាំ ហើយពួកគេចង់ជានាគ្នាឡើងវិញទើបប្តីណាត់ប្រពន្ធមកជួបគ្នាក្នុងផ្ទះសំណាក់ដែលប្តីជួលស្នាក់នៅក្នុងក្រុង- ខេត្តកំពង់ឆ្នាំង ដើម្បី សម្រួលនិងស្រុះស្រួលគ្នា ។

ហេតុការណ៍ភ្ញាក់ផ្អើលដ៏សែនឈឺក្បាលមួយនេះបានកើតឡើងនៅព្រឹក ថ្ងៃ ពុធ ១ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨នៅផ្ទះសំណាក់ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលប្ដីកំពុងជួលស្នាក់នៅ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ស្រី្តជាម្តាយបានទៅប្តឹងនគរបាលក្រុងកំពង់ឆ្នាំង ថាមានបុរសម្នាក់បានចាប់បង្ឃាំងកូនស្រីរបស់គាត់ក្នុងផ្ទះសំណាក់មួយនៅក្រុងកំពង់ឆ្នាំង ។ ពេលឮដំណឹងនេះភ្លាមនគរបាលក្រុងកំពង់ឆ្នាំង បានយកកម្លាំងទៅលោមព័ទ្ធផ្ទះសំណាក់នេះ យ៉ាងយូរ និងដោយខ្លាចជនសង្ស័យមានអាវុធបាញ់តដៃសមត្ថកិច្ចនោះសមត្ថកិច្ចមានការ ប្រុងប្រយ័ត្នបំផុត ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺបន្ទាប់ពីគោះទ្វារបន្ទប់ហៅជនសង្ស័យ ឲ្យបើកទ្វារបន្ទប់ ស្រាប់តែឃើញពីរនាក់ប្តី្តប្រពន្ធនេះនៅល្អូកល្អិននឹងគ្នាសោះ។

បុរសជាប្តីនិងស្រ្តីជាប្រពន្ធដែលមានអាយុជាង២០ឆ្នាំនិងសុំមិនប្រាប់ឈ្មោះបានប្រាប់សមត្ថកិច្ចថា ការពិតគ្មានការចាប់បង្ខាំងមនុស្សខុសច្បាប់ស្អីនោះ គឺពួកគាត់មកជជែកដើម្បីសុំជានាគ្នាជាប្តីប្រពន្ធឡើងវិញ ប៉ូនណ្ណោះក្រោយលែងលះគ្នាមិនទាន់ដាច់ស្រេចជាងមួយឆ្នាំមកនោះ ។ចំណែកស្រី្តដើមបណ្តឹង ជាម្តាយខាងស្រី បាននិយាយថា គាត់មិនយល់ព្រមឲ្យកូនស្រីយក បុរសនេះធ្វើជាកូនប្រសាគាត់ទៀតទេ ព្រោះគាត់ឆ្អែតចិត្តហើយ។

យ៉ាងណាប្ដីនិងប្រពន្ធមួយគូនេះបានសំណូមពរចំពោះសមត្ថកិច្ចសុំឲ្យជួយសម្របសម្រួលដល់ម្តាយ ឲ្យពួកគាត់ជានាគ្នាដើម្បីមានសុភមង្គលឡើងវិញ ហើយសមត្ថកិច្ចក៏បានជួយសម្រួលឲ្យម្តាយយល់ព្រមផងដែរ៕ សហការី


ចែករំលែក៖