ព័ត៌មានទាន់ហេតុការណ៍៖

ដាក់លេខច្រឡំមកក្រោយ និងជាន់ហ្គេខ្លាំង ជ្រុលទៅបុកបង្គោលភ្លើង និងប៉ាណូបាក់វៀចអស់២ដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹង រួមជាមួយអ្នកធ្វើដំណើរ២នាក់ទៀត បានបញ្ឆេះរថយន្ត និងច្រឡំដាក់លេខមកក្រោយ ក៏ជ្រុលទៅបុកបង្គោលភ្លើង និងប៉ាណូនៅក្បែរគ្នា បណ្ដាលឲ្យបាក់វៀចចំនួន២ដើម ចំណែករថយន្តបង្កវិញ បានរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្បែរបាចតុមុខ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តបង្កហេតុម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1742 ដែលអ្នកបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា រួមដំណើរជាមួយមិត្តភក្តិពីរនាក់ទៀតក្នុងរថយន្តជាមួយ ។

បើតាមសម្ដីម្ចាស់រថយន្តបង្កបាប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់ និងមិត្តភក្តិ២នាក់ទៀត បានឡើងជិះលើរថយន្ត និងបានបញ្ឆេះរថយន្តឲ្យឆេះ តែដោយសារម្ចាស់រថយន្តដាក់លេខច្រឡំមកក្រោយ ទើបធ្វើឲ្យរូបគាត់ពេលជាន់ហ្គេខ្លាំង ក៏ជ្រុលទៅបុកបង្គោលភ្លើង និងស្លាកប៉ាណូដែលនៅលើចញ្ចើមផ្លូវ រងការខូចខាតទាំង២ដើម ។ ចំណែករថយន្តបង្កវិញ បានរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ តែ មិនបង្កឲ្យមានមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបានរ៉ឺយ៉ែបម្រុងបើកចេញបានប្រហែល៣០ម៉ែត្រ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះឃាត់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការ នៃការិយាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖