ខេត្តពោធិ៍សាត់៖ ក្រុមប្រព្រឹត្តល្មើសនេសាទប្រើប្រាស់ឧបករណ៍កែច្នៃ (អាំទ័រឆក់ត្រី) បានធ្វើសកម្មភាពទាំងកណ្ដាលថ្ងៃចែស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកបានត្រឹមបង្អើល រួចរិបអូសវត្ថុតាងយកមករក្សាទុកជាបណ្ដោះអាសន្នប៉ុណ្ណោះ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចស្ទឹងសំរោងព្រៃខៀវ ស្ថិតក្នុងភូមិសំរោងព្រៃខៀវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកបាកាន និងរូបភាព ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះថា លទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការចុះបង្រ្កាបបទល្មើសនេសាទខាងលើ រិបអូសបាននូវវត្ថុតាងរួមមាន ដុំឆក់ចំនួន ០១គូរ ដងឬស្សីមានដែកចំនួន ២គូរ និងអាគុយចំណុះ ៤០អំព័រចំនួន ០១ធុង ចំណែកក្រុមជនប្រព្រឹត្តបទល្មើសនេសាទ បានទំលាក់ឧបករណ៍ជាវត្ថុតាងនេះរួចរត់គេចខ្លួនបាត់ស្រម៉ោលអស់ ហើយវត្ថុតាងទាំងនេះបានយកមករក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបានមេទឹក ។
ប្រភពនានាពាក់ព័ន្ធកើតមានករណីបទល្មើសនេសាទប្រើប្រាសឧបករណ៍ប្រភេទកែច្នៃ(ចរន្តឆក់)ខាងលើលើកឡើងថា នៅស្រុកបាកាននេះ ជាពិសេសឃុំមេទឹកតែម្តងកើតមានច្រើនមិនថា រដូវប្រាំង ឬវស្សានោះទេ ប៉ុន្តែក៏គេពុំដែលឃើញមន្រ្តីជំនាញរដ្ឋបាលជលផល ឬអាធរមានសមត្ថកិច្ចមូលដ្ឋាន បង្រ្កាបជាទ្រង់ទ្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីយកមកអនុវត្តច្បាប់ឲ្យបានពេញលេញនោះដែរ ៕ ប៉ឹម ពិន