ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកបុកម៉ូតូវីវ៉ាបណ្តាលឲ្យក្មេងប្រុសម្នាក់របួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងប្រុសម្នាក់បានរងរបួសបាក់ជើងម្ខាងត្រូវបានបញ្ជូ​នទៅសង្គ្រោះភ្លាមៗ ខណៈជិះម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តហាយឡែនឌ័រ បើកបុកពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ​ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខវត្តអង្គតាគៀត​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ ។

ក្មេងរងគ្រោះឈ្មោះ សម លីហ្សា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានម្តាយឈ្មោះ ម៉ៅ សារ៉ូ អាយុ៤៥ឆ្នាំ មុខរបរ កម្មកររោងចក្រ អេក្លា ក្បែរកន្លែងកើតហេតុ មានទីលំនៅ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញក្មេងប្រុសរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1X1079 ធ្វើដំណើរ​តាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែបត់ឆ្លងផ្លូវទៅលិច ខណៈនោះស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌ស្ក​ ពាក់ស្លាកលេខ ភ្នំពេញ 2X3239 បើកបរដោយស្ត្រីម្នាក់ និងមានស្ត្រីម្នាក់ទៀតដែលទើប និងឆ្លងទន្លេរួច​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជើងទៅត្បូងដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុក និងកិនម៉ូតូជាប់បណ្តាលឲ្យក្មេងប្រុសនោះរងរបួសបាក់ជើងខាងស្តាំ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖