ព័ត៌មានទាន់ហេតុការណ៍៖

ឈើល្មើសច្បាប់របស់ឧកញ៉ា ភឿក មុនី ជាង៥០០កំណាត់ កាប់ចេញពីព្រៃសហគមន៍ជនជាតិដើម ត្រូវបានខាងបរិស្ថានខេត្តមណ្ឌលគិរីចុះបង្ក្រាប

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីអង្គភាព«នគរវត្ត» និងគេហទំព័រ អង្គភាព«នគរដ្រេហ្គន» នៃមជ្ឈមណ្ឌលព័ត៍មាន «នគរវត្ត» បានដកស្រង់សំដីប្រជាជនក្នុងសហគមន៍ជនជាតិដើមថា៖ មានឈ្មួញបានកាប់បំផ្លាញ អារ ផ្តួលរលំឈើដោយខុសច្បាប់នៅចំណុចភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីដើមសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០១៨នោះ ប្រភពពីបងប្អូនជនជាតិដើមបានអោយដឹងថា៖ ការផ្សាយមិនបាន៣ម៉ោងផង គឺមានកម្លាំងជំនាញបរិស្ថានខេត្តចុះទៅដល់ទីតាំងឈានដល់បង្ក្រាបចាប់យកឈើជាច្រើនកំណាត់នៅជិតៗនិងក្រុមហ៊ុនយូនីសហ្គ្រីន។

ប្រជាជនក្នុងសហគមន៍ជនជាតិដើមរស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានអោយដឹងថា៖ មានឈ្មួញបានកេណ្ឌប្រជាជនចូលកាប់ អារផ្តួលរលំឈើក្នុងសហគមន៍ពួកគាត់ ដោយប្រើរថយន្តបាកុង ជាមធ្យោបាយដឹកជញ្ជូនចេញយកមកដាក់រាយប៉ាយជិតៗក្រុមហ៊ុនយូនីសហ្គ្រីន ដោយពួកគាត់សង្ស័យថា៖ ឈ្មួញមានចេតនាបន្លំយកឈើទាំងនេះទៅចូលក្រុមហ៊ុនមានច្បាប់ដើម្បីដឹកបន្តនាំចេញទៅប្រទេសវៀតណាម។

ប្រភពមិនផ្លូវការ ប៉ុន្តែអាចជឿទុកចិត្តបាន បង្ហើបថា៖ សកម្មភាពកាប់បំផ្លាញឈើនៅតំបន់ព្រៃសហគមន៍ជនជាតិដើម គឺមានឧកញ៉ាចំនួន៣រូបបានរៀបចំផែនការនេះ តាមរយះយកក្រុមហ៊ុនយូនីសហ្គ្រីនធ្វើជាបង្អែកបន្លំ ដើម្បីដឹកឈើចូលនិងទុកក្បែរៗនោះ ប៉ុន្តែករណីនេះត្រូវបានបែកការណ៍ ដោយសារតែក្រុមហ៊ុនយូនីសហ្គ្រីនដីព្រៃសម្បទានរបស់ខ្លួនអស់ឈើ ហើយឈើមានច្បាប់ជាប្រភេទឈើចាស់ៗដែលដេញថ្លៃបានពីការបង្ក្រាប។ ផ្ទុយទៅវិញឈើប្រមាណជាង៩០ភាគរយ គឺជាឈើកាប់ថ្មីៗ ទាំងអារ ជាជ្រុង ជាឡាំង និងជាប្រភេទឈើមូលនេះជាដើម។

បើទោះជាសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ពីអត្តសញ្ញាណច្បាស់ពីម្ចាស់ឈើខុសច្បាប់នេះ ឬក៏នឹងអាចដាក់របាយការណ៍ត្រឹមជាឈើ អញ្ញត្តិជនក៏ដោយ ក៏ប្រភពពីទឹកដីវៀតណាមបង្ហើបថា៖ ឈើទាំងនោះជាឈើរបស់ឧកញ៉ា ភឿក មុនី ដែលអ្នកមណ្ឌលគិរី និយមហៅថា៖ (ឧកញ៉ាមុនីៗ) ខណះប៉ុន្មានខែមុននេះមានឧកញ៉ា៣រូបរួមទាំងស្ត្រីម្នាក់ផងដែរបានទៅជួបថៅកែវៀតណាម ជាអ្នកទទួលទិញឈើនៅប្រទេសវៀត ណាម និងទទួលទានអាហារជុំគ្នាពេលយកលុយមកនោះ។

ករណីបង្ក្រាបឈើឧកញ៉ា ភឿក មុនី ភស្តុតាងចាប់យកប្រមាណជាង៥០០កំណាត់។ នេះបើតាមការអោយដឹងពីមន្ត្រីលួចខ្សឹបខ្សៀវ ប៉ុន្តែកំពុងឋិតក្នុងការសម្របសម្រួលគ្នាអោយដាក់ចំនួនតិចជាងនេះ។

លោក កែវ សុភ័ក្រ្ត ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់អង្គភាព«នគរវត្ត»តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ថា៖ ឈើដែលចាប់នេះមិនទាន់ដឹងចំនួនប៉ុន្មានពិតប្រាកដនៅឡើយ ខណះឈើទាំងនោះត្រូវបានគេដាក់រាយប៉ាយជិតៗក្រុមហ៊ុន គំនរឈើខ្លះឆ្ងាយពីទីតាំងក្រុមហ៊ុនក្នុងចំងាយដីពី១០០ម៉ែត្រ ឬ៣០០ទៅ៤០០ម៉ែត្រ។ លោកបន្តថា៖ និយាយរួមកំលាំងរបស់លោក ពិបាកចូលដឹក ដោយស្ថានភាពផ្លូវលំបាក ភ្លៀងធ្លាក់ ហើយបើជួលឡានអ្នកភូមិក៏គាត់មិនព្រមជួលអោយ ដូច្នេះយើងខ្វះមធ្យោបាយដឹកជញ្ជូនឈើចេញ។

លោកប្រធានមន្ទីរបញ្ជាក់ថា៖ ជាក់ស្តែងមកទល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ខាងកម្លាំងលោកទើបដឹកបាន៥ឡាននៅឡើយទេ និងព្យាយាមប្រមូលឈើទាំងនេះបន្ត។

គួររំលឹកថា៖ កន្លងទៅក៏ដូចបច្ចុប្បន្ន អាជ្ញាធរខេត្តហាក់ធូរលុងលើវិធានការបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនត្រឹមតែមានការកាប់ឈើនៅតំបន់ព្រៃសហគមន៍ជនជាតិដើមនៅចំណុចភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ប៉ុណ្ណោះទេ សូម្បីតាមបណ្តាច្រកទ្វេភាគីនៅតែបន្តអោយមានការចរាចរណ៍ឈើឆ្លងទៅវៀតណាម។ នេះក៏អាចចាត់ទុកថា៖ ជាអំពើពុករលួយកើតឡើងជាលក្ខណះប្រព័ន្ធ ទើបបទល្មើសបន្តកើត ហើយឈ្មួញជាសមត្ថកិច្ចផងដែរ។

ករណីដោយឡែកមួយផ្សេងទៀតនៅឯខេត្តរតនគិរីវិញ គេបានរាយការណ៍មកថា៖ ចាប់ពីថ្ងៃទី៨-១២ ខែមិថុនា ឆ្នាំ២០១៨ គឺឈ្មួញដឹកឈើឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ យ៉ាងច្រើន តាមរយះយកឡានសាំយ៉ុងធ្វើជាមធ្យោបាយដឹកជញ្ជូន មានដឹកបន្តកន្ទុយគ្នា ធ្វើឡើងនៅចំពោះមុខសមត្ថកិច្ចមាត់ច្រកគ្រប់ស្ថាប័នថែមទៀត ៕ សុខ ខេមរា


ចែករំលែក៖