ភ្នំពេញ៖ ព្រះសង្ឈមួយអង្គនិមន្តបិណ្ឌបាតតាមខ្នងផ្ទះពលរដ្ឋ ហើយក៏បានបន្តនិមន្តឆ្លងថ្នល់ពីកើតទៅលិច ជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសិស្សសាលាម្នាក់ជិះម៉ូតូលឿនជែងរថយន្តជ្រុលបុកពេញទំហឹងដួលស្រង៉ាប់ស្រង៉ិល ធ្លាក់រាយប៉ាយថង់យាម និងប្រាក់ពេញផ្លូវបណ្តាលឲ្យព្រះសង្ឈរងរបួសធ្ងន់ធ្ងរបំផុត ដឹកបញ្ជូនទៅកាន់មន្ទីរមិត្តភាពខ្មែរ-សូវៀតដើម្បីសង្គ្រោះបន្ទាន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ២១៧ ទល់មុខគ្លីនិកមនោរម្យ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ព្រះសង្ឈរងគ្រោះពុំត្រូវបានគេស្គាល់ព្រះនាមព្រះអង្គនោះទេ តែបើតាមការអះអាងរបស់សមត្ថកិច្ចមូលដ្ឋានបានបង្ហើបថា ព្រះសង្ឈគង់នៅក្នុងវត្តពោធិ៍ញ្ញាណ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ព្រះសង្ឈរងគ្រោះបាននិមន្តពីបិណ្យបាតរាល់ថ្ងៃនៅម្តុំស្ទឹងមានជ័យ តាមផ្សារកាមួនក្បែរស្ពានដែក ហើយលុះនិមន្តមកដល់ចំណុចកើតហេតុព្រះអង្គក៏បាននិមន្តឆ្លងថ្នល់ទៅលិច ស្រាប់តែម៉ូតូក្មេងសិស្សសាលានោះជិះយ៉ាងលឿនពីត្បូងមកហើយក៏ជែង និងរថយន្តដែលកំពុងបើកបរស្របទិសគ្នាកកកុញស្ទះចរាចរណ៍ ដោយមិនប្រយ័ត្នក៏ជ្រុលបុកព្រះសង្ឈដួលស្រង៉ាប់ស្រង៉ិលពេញផ្លូវ ព្រះអង្គហូរឈាមក្បាលរងរបួសធ្ងន់ធ្ងរបំផុត ប្រជាពលរដ្ឋជួយលើកព្រះសង្ឈចូលពេទ្យមនោរម្យភ្លាម តែខាងគ្រូពេទ្យគ្រាន់តែរុំបង់ក្បាល ហើយបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ ហើយក៏បានឃាត់អ្នកជិះម៉ូតូជាបណ្តោះអាសន្ន ដើម្បីដោះស្រាយតាមច្បាប់។ សមត្ថកិច្ចបានប្រាប់ថា ម៉ូតូបង្កហេតុម៉ាក ZOOMER ពណ៌ស-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FV-1643។ ជនបង្កហេតុជាសិស្សសាលាបើកម៉ូតូពីត្បូងមកតាមបណ្តោយផ្លូវ២១៧ លុះមកដល់ចំណុចកើតហេតុគាត់វ៉ារថយន្ត មិនបានឃើញព្រះសង្ឈនិមន្តឆ្លងថ្នល់ ក៏បុកពេញទំហឹងតែម្តងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបំផុត។ ទោះបីជាយ៉ាងនេះក្តី អាណាព្យាបាលជនបង្កសិស្សសាលានោះក៏បានមកចូលដោះស្រាយព្យាបាលជំងឺនៅមន្ទីរពេទ្យផងដែរ ។ បច្ចុប្បន្នម៉ូតូបង្កហេតុក៏បានចាប់ឃាត់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕ តាឡឹម