ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធដាក់ឲ្យប្រើប្រាស់អគារសេនាធិការដ្ឋានមូលដ្ឋានស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ឧត្តមសេនីយ៍ត្រី សែវុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសេនាធិការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា កាលពីព្រឹក ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកចន្ទាខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានថ្លែងថា ជំនួសមុខនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ្ធ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជានាយទាហានពលទាហានទាំងអស់ ដែលបានចូលរួមក្នុងពេលនេះ ។

លោកបន្តថាថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កងរាជអាវុធហត្ថខេត្ត ក៏ដូចជាសម្រាប់មូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រាដោយបានសាងសង់នូវអគាររដ្ឋបាល និងអគារស្នាក់នៅរបស់នាយទាហាននាយទាហានរងនៃមូលដ្ឋានរបស់ខ្លួន ដែលបានចំណាយថវិកាអស់ជាច្រើន ខណៈ ដែលថវិកាទាំងអស់នេះគឺបានមកពីការគៀងគររបស់សប្បបុរសជននានាក្នុង និងក្រៅប្រទេស និងថវិកាខ្លះបានមកពីការចូលរួមរបស់នាយទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀងផងដែរ ។

មិនតែប៉ុណ្ណោះយើងបាននិងកំពុងកសាងនូវអគារសេនាធិការដ្ឋាន និងអគារស្នាក់នៅព្រមទាំងហេដ្ឋារចនាសម្ពន្ធ័នៅបញ្ជាការដ្ឋានថ្មី ដែលអស់ទឹកប្រាក់ប្រមាណជាង៣លានដុល្លាអាមេរិចហើយតាមគម្រោងយើង និងសម្ពោធដាក់ឲ្យប្រើប្រាស់នាខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ ស្របពេលជាមួយ និងពិធីអបអរសាទររំលឹកខួបលើកទី២៥ ទិវាកងរាជអាវុធហត្ថ ។

លោកក៏បានផ្ដាំផ្ញើដល់នាយអាវុធហត្ថមូលដ្ឋានស្រុកចន្ទ្រាទាំងអស់ ទី១ ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណះកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងកិច្ចការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋមុនក្នុង និងក្រោយការបោះឆ្នោតនាពេលខាងមុខនេះ, ២ ត្រូវបង្ក្រាបរាល់បទល្មើសនានា ដែលបានកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន និងទី៣ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានឡើងជាយថាហេតុ ៕ យឹម សុថាន


ចែករំលែក៖