ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបែកគំនិតប្រចណ្ឌប្រពន្ធដុតបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះមួយចំនួនត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ផឹកស្រវឹងស្រាជោគជាំបែកគំនិតប្រចណ្ឌប្រពន្ធខ្លួនឯង ឈានដល់រុះរើផ្ទះ និងដុតបំផ្លាញទ្រព្យសម្បត្ដិអស់មួយចំនួន ធ្វើឲ្យប្រពន្ធទ្រាំពុំបានប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែម ហាក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីជនរងគ្រោះឈ្មោះ សាន ឡាយ ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកសម្ភារៈបាត់បង់រួមមាន៖ ផ្ទះ១ខ្នង ទំហំ៤,២០ម៉ែត្រx៥,២០ម៉ែត្រធ្វើអំពីឈើ ប្រកសង្ក័សី ជញ្ជាំងស្លឹក,តុទូរទស្សន៍ចំនួន១ និងខោអាវ ចានឆ្នាំងមួយចំនួនផងដែរ ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១២ ជនសង្ស័យបានផឹកស្រារហូតដល់ស្រវឹងជោកជាំ រួចប្រចណ្ឌប្រពន្ធខ្លួនឯងថា មានសាហាយ ជាមួយប្រុសផ្សេង បន្ទាប់មកក៏ធ្វើសកម្មភាពរុះរើផ្ទះ និងដុតបំផ្លាញទ្រព្យសម្បត្ដិអស់មួយចំនួន ដោយប្រពន្ធទ្រាំពុំបានក៏សម្រេចចិត្ដប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលប្រាសាទឲ្យចាប់ខ្លួន ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹង ភ្លាមនោះក៏ចុះទៅចាប់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាន នគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖