ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានបាត់បង់ជីវិតដោយសារឆ្លងចរន្តអគ្គិសនីម៉ូទ័រកាត់អុស នៅស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានបាត់បង់ជីវិតដោយសារឆ្លងចរន្ត អគ្គិសនីពីម៉ូទ័រកាត់អុស ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង១៥និង២០នាទី នៅភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខៀវ យីម ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះឈ្មោះ អុល ហ៊ង អាយុ ៣៧ឆ្នាំ បានបញ្ជាក់ថា: នៅម៉ោងប្រហែល ៣រសៀលរូបគាត់ និងប្តីឈ្មោះ ខៀវ យីម បានមកពីជួយពង្រោះស្រូវវិញ ។ បន្ទាប់មកប្តីបានឲ្យគាត់(ជាប្រពន្ធ)ដោតព្រីភ្លើងលើផ្ទះដើម្បីកាត់អុស និងម៉ូទ័រ ពេលដោតរួច គាត់បោសផ្ទះសិន តែពុំលឺប្តីកាត់អុសទេ គាត់បានចុះមកមើល ឃើញប្តីត្រូវខ្សែភ្លើងឆក់ដួលផ្ងាពោះ ដៃស្តាំក្តាប់ព្រីភ្លើង ដៃឆ្វេងក្តាប់ឌុយម៉ូទ័រ គាត់បានហៅអ្នកជិតខាងឲ្យជួយ និងរត់ទៅដកឌុយពីព្រីភ្លើងវិញ តែប្តីគាត់បានស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសពឃើញថា៖ ជនរងគ្រោះមានស្នាមឆេះខ្លោចបាតដៃឆ្វេង និងម្រាមដៃ ក្រៅពីនេះពុំមានស្លាកស្មាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន ។ មូលហេតុ ការធ្វេសប្រហែស របស់ជនរងគ្រោះ ចាប់ចំតំណរអត់រុំស្គុស បណ្តាលឲ្យឆក់ស្លាប់តែម្តង ។

ក្រោយពីពិនិត្យរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនប្រពន្ធដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖