ភ្នំពេញ ៖ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ កំពុងអង្គុយលើម៉ូតូរង់ចាំបងស្រី បានសម្រេច តែត្រូវបានប្រជាពលរដ្ឋដេញចាប់ឃាត់ទុកប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១និង១០នាទី រសៀល ថ្ងៃអង្គារ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបេតុងមុខហាងK K ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឃាត់ខ្លួនបានខាងលើមានឈ្មោះ សុខ វីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះតាមផ្លូវរថភ្លើងក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅ ស្រុកពាមរ៍ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ ឈ្មោះ សួង ចិន្តា ភេទស្រី អាយុ២១ឆ្នាំ មុខរបរ ជានិស្សិតសាលា ISL ឆ្នាំទី២ មានទីលំនៅ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូយកបាយ ឲ្យបងស្រីរបស់នាង ធ្វើការនៅក្នុងហាងKKកន្លែងកើតហេតុ ពេលទៅដល់ហើយ ក៏អង្គុយលើម៉ូតូរួចក៏ទាញទូរស័ព្ទcallហៅបងស្រីមកទទួលយកបាយ ខណៈដែលកំពុងកាន់ទូរស័ព្ទ IPhone 6 Plus នៅនឹងដៃ ស្រាប់តែជនសង្ស័យម្នាក់ខាងលើ ដើរមកពីក្រោយ ធ្វើសកម្មភាពយកទូរស័ព្ទ រត់គេចសំដៅទៅរកម៉ូតូមួយគ្រឿងទៀត នៅរងចាំកែងផ្លូវម្ខាង ដែលគេសង្ស័យជាបក្ខពួក តែត្រូវប្រជាពលរដ្ឋឃើញស្រែកផ្អើលដេញចាប់ ធ្វើឲ្យ ជនសង្ស័យម្នាក់ទៀត ជិះម៉ូតូគេចទៅបាត់ សល់តែជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាពឆក់ផ្ទាល់ រត់មិនរួច ពលរដ្ឋព័ទ្ធចាប់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ចនិងដកហូតបានទូរស័ព្ទមកវិញ ។
តាមសម្តីជនសង្ស័យបានឲ្យដឹងថា ពួកគេពិតជាមានគ្នា២នាក់មែន តែម្នាក់រត់ទៅបាត់ គ្រាន់ស្គាល់មួយដំណើរទេ មិនស្គាល់ឈ្មោះឡើយ ជាអ្នកឌុបរូបគេមកធ្វើសកម្មភាពកន្លែងកើតហេតុ ។
ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ