ខេត្តកំពង់ធំ៖ ឡានកុងតឺន័រដឹកឈើលេខ២ខុសច្បាប់មួយគ្រឿង ត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើរវាង ដោះលែង តែត្រូវបានសមត្ថកិច្ចមេព្រៃខេត្តកំពង់ធំចាប់វិញ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ដោយសាររថយន្តនេះព្យាយាមបើករត់ធ្វើឲ្យប៉ះរថយន្តសមត្ថកិច្ច ខូចខាត២គ្រឿង ។
ហេតុការណ៍ឃាត់រថយន្ដនេះ កើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាតផ្លូវជាតិលេខ ៦ ត្រង់ចំណុច ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឡានកុងទឹន័រ ប្រភេទផ្លាឌឺគាំ បានដឹកឈើចេញពីទឹកដីខេត្តព្រះវិហារ លុះមកដល់ខេត្តកំពង់ធំ សមត្ថកិច្ចឃាត់ដើម្បីសូរនាំដោយសង្ស័យថា មានដឹកឈើដោយគ្មានច្បាប់អនុញ្ញាត។
រថយន្តសង្ស័យខាងលើនេះ ពុំបានឈប់ ថែមទាំងបើករត់រហូតដល់ឃុំកំពង់ថ្ម ទើបឃាត់រថយន្តបាន ក្រោមកិច្ចសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយកងរាជអាវុធហត្ថស្រុកបារាយណ៍ ។
ក្នុងសកម្មភាពសមត្ថកិច្ចរដ្ឋបាលព្រៃឈើដេញឃាត់រថយន្ត បណ្តាលឲ្យរថយន្តល្មើសបើកកៀររថយន្តមេព្រៃ២គ្រឿង បណ្តាលឲ្យខូចខាតយ៉ាងដំណំ ទីបំផុតលោក អ៊ិត សុធា ព្រះរាជអាជ្ញា បញ្ជាឲ្យតាមឃាត់រថយន្តឲ្យខាងតែបាន ដោយដេញចាប់ ពីខេត្តកំពង់ធំ វេលាម៉ោង១១យប់ រហូតដល់ម៉ោង២រំលងអធ្រាត្រ ទើបចាប់បាននៅចំណុច ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ឯតៃកុងឡានដឹងខ្លួនថា ទៅមុខលែងរួច ក៏រត់គេចខ្លួនបាត់។
ក្រោយពីសមត្ថកិច្ចឃាត់រថយន្តបាន ក៏នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម និងវាសវែងឃើញមានឈើប្រភេទក្តារជាង១១ម៉ែត្រគូប ដែលបានដឹកដោយរថយន្តពាក់ស្លាកលេខ ភ្នំពេញ ៣B-៩២៤៦ ក្បាលក្រហម ទ្រុងកុងតឺន័រ ពណ៌ស ដែលមានគោលដៅទៅទម្លាក់នៅភ្នំពេញ។
លោក មុំ សុផល នាយផ្នែករដ្នបាលព្រៃឈើបានប្រាប់ក្នុងកិច្ចសម្ភាស តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ឲថា មកទល់ពេលនេះ មិនទាន់ឃើញ ម្ចាស់រថយន្ដចូលខ្លួនមកផាកពិន័យនៅឡើយ ៕ ប៊ុន រិទ្ធី