ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាស សម្តេច អញ្ជើញ​ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣,២៣៣នាក់ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏មានមោទនភាព ដែលបានរួមគ្នាជម្នះរាល់ឧបសគ្គពីអតីតកាល ដើម្បីបើកសាកលវិទ្យាល័យភូមិន្ទភ្នំពេញឲ្យដំណើរការឡើងវិញ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខមួយលើការបណ្តុះបណ្តាល។

-សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាទាំងអស់នឹងមានសមាណចិត្តជាមួយនិស្សិតរបស់ខ្លួន ហើយជួយដោះស្រាយនូវបញ្ហាប្រឈមរបស់ពួកគេ។

-សម្តេចតេជោ ហ៊ុន សែន បានសំណូមពរ និងអំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ថោកបំផុតដល់និស្សិតដើម្បីបន្តការសិក្សារបាននៅថ្នាក់ឧត្តមសិក្សា។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ផ្តល់ឱ្យនិស្សិតបានជំពាក់ថ្លៃសិក្សា ពេលដែលពួកគេគ្មានប្រាក់បង់ថ្លៃ និងមានបញ្ហាក្នុងគ្រួសារ(ឪពុក-ម្តាយស្លាប់ជាដើម)។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាអស់សំណើចណាស់ ដែលគណបក្សរហូតដល់ទៅ២០ចូលរួមប្រកួតប្រជែងបែរជាគេចោទថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យទៅវិញ។

-សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើអ្នកចូលរួមប្រកួតប្រជែង និងអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងបំផ្លាញការបោះឆ្នោត តើនរណាជាអ្នកបំផ្លាញប្រជាធិបតេយ្យ?

-សម្តេចតេជោ ហ៊ុន សែន បានយល់ស្របថា បើការបោះឆ្នោតមានតែមួយគណបក្សនោះទើបជាការប្រព្រឹត្តខុសនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក៏ជាការបំផ្លាញ ប្រជាធិបតេយ្យផងដែរ តែការបោះឆ្នោតអាណត្តិថ្មីនេះមិនមែនមានតែមួយគណបក្សនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំផ្លាញប្រជាធិបតេយ្យគឺអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត អ្នកដែលចង់បំផ្លាញការបោះឆ្នោត។ ដោយឡែកអ្នកដែលប្រឹងប្រែងការពារ និងសម្របសម្រួលឲ្យមានការបោះឆ្នោត គឺជាអ្នកការពារប្រជាធិបតេយ្យ។

-សម្តេតេជោ ហ៊ុន សែន៖ ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សម្រាករយៈពេល៣ថ្ងៃពេញ ដើម្បីទៅចូលរួមបោះឆ្នោត ទោះអ្នកខេត្តជិត ឬខេត្តឆ្ងាយក៏ដោយ«ឈប់សម្រាក៣ថ្ងៃស្មើៗគ្នា»…!!!

-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨តទៅ ថ្លៃប្រេងនឹងចុះតម្លៃ ១៦០រៀល ដោយក្នុងនោះរដ្ឋជួយចេញ ២សេន និងស្ថានីយប្រេងនានា ២សេន ដើម្បីទប់កុំឲ្យតម្លៃប្រេងឡើងថ្លៃ។ ការជួយអន្តរាគមន៍របស់រដ្ឋនាពេលនេះ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់ថវិកាប្រមាណ ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរួមគ្នារវាងរដ្ឋ និងឯកជនលើតម្លៃប្រេងនាពេលនេះ គឺដើម្បីដោះស្រាយនូវបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាតម្លៃប្រេងនេះ។ សម្តេចតេជោថា តម្លៃប្រេងនេះមិនមែនកម្ពុជាជាអ្នកដំឡើងទេ ប៉ុន្តែអង្គការប្រទេសនាំចេញប្រេង OPEC ជាអ្នកកំណត់ថ្លៃ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋបានបរិច្ចាគទុកដោយស្ងាត់ស្ងៀមចំនួន៨៣លានដុល្លា ដើម្បីទប់ទល់នឹងតម្លៃប្រេង ដែលកំពុងឡើងថ្លៃ….!!!

-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់ពិចារណាក្នុងការឡើង ឬចុះថ្លៃ ប្រេងឥន្ធនៈឱ្យបានសមស្របតាមទីផ្សារអន្តរជាតិ។ មានក្រុមហ៊ុនខ្លះ គ្រាន់តែ«អូប៉ិច» នៅញូយ៉កប្រកាសឡើងភ្លាម ឯងនៅភ្នំពេញឯណេះឡើងតាមគេដែរ ខណៈដែលប្រេងថ្មីមិនទាន់ចូលស្តុកមួយតំណក់នៅឡើយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចឲ្យតម្លៃលោក ហ្សង់ ហ្វ្រង់ ស្វ័រតាន់ ដែលបានសិក្សាចងក្រងសៀវភៅ ហើយមិនបានអួតអាងខ្លួនជាបណ្ឌិត ឬមហាបណ្ឌិត។

-សម្តេចតេជោ ហ៊ុន​ សែន បានកោតសរសើរយ៉ាងខ្លាំងចំពោះការស្រាវជ្រាវពីបញ្ហាភូមិសាស្ត្រនយោបាយរបស់លោក ហ្សង់ហ្វ្រង់ស្វ័រតាន់ នាយកវិទ្យុបារាំងអន្តរជាតិ(RFI)ដែលបានចងក្រងសៀវភៅយ៉ាងច្រើន ទុកជាចំណេះដឹងរបស់ពលរដ្ឋ។
សម្តេចបញ្ជាក់ថា គាត់មិនដែលតាំងខ្លួនជាបណ្ឌិតទេ តែលោកបានធ្វើរឿងមួយដ៏ត្រឹមត្រូវ និងមានការស្រាវជ្រាវច្បាស់លាស់ ពីបញ្ហាភូមិសាស្ត្រនយោបាយ៕ ដោយ៖ សុខ ខេមរា


ចែករំលែក៖