ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣,២៣៣នាក់ ដែលមានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនោះក៏មាន និស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររបស់ សម្ដេចតេជោ និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចំនួន ២៥នាក់ផងដែរ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់សិស្សនិសិ្សតនៃសាលកសវិទ្យាល័យភូមិន្ទនាពេលនេះ។ សម្តេចតេជោបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់នៅថ្ងៃនេះ ព្រមទាំងបានលើកទឹកចិត្តឲ្យនិស្សិតទាំងអស់បន្តនូវការខិតខំប្រឹងប្រែង ឬរៀនសូត្រជាបន្តទៀតដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែមានសមត្ថភាពនិងរីកចម្រើនបន្ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំម្លៃខ្ពស់ និងកោតសរសើរចំពោះការវិវឌ្ឍ និងរីកចម្រើនរបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងការណ្តុះបណ្តាលធនធានមនុស្សរាប់ម៉ឺននាក់ឲ្យទទួលបាននូវចំណេះដឹង និងជំនាញពិតប្រាកដ។
នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់សាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់ ត្រូវផ្តល់ឱកាសដល់និស្សិក្រីក្រដែលកំពុងប្រឈមនឹងបញ្ហាធំៗផ្ទាល់មួយចំនួនដូចជា ឪពុកឬម្តាយទទួលមរណៈ ឬកំពុងមានវិបត្តិហិរញ្ញវត្ថុមិនមានលទ្ធភាពក្នុងការបន្តការសិក្សានៅសាកល វិទ្យាល័យ គឺសូមលើកទឹកចិត្ត និងអនុគ្រោះដល់និសិ្សតឲ្យជំពាក់ថ្លៃបង់ប្រាក់ក្នុងកំឡុងពេលសិក្សាដើម្បីផ្តល់ឱកាសឲ្យនិស្សិតយើងអាចបញ្ចប់ការសិក្សាបានជោគជ័យ ហើយនិស្សិតក៏អាចមានឱកាសបង់សងថ្លៃសាលាវិញបានផងដែរ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានតម្លើងប្រាក់១ពាន់ដុល្លារក្នុង១ខែសម្រាប់ឧបត្ថម្ភដល់បណ្ណារក្ស ដែលពីមុនបានទទួលតែ៣លានរៀលប៉ុណ្ណោះក្នុង១ខែ ដើម្បីមើលការខុសត្រូវនៅបណ្ណាល័យសម្តេចតេជោក្នុងការជួយសម្រួល និងជំរុញដល់ការសិក្សារបស់និសិ្សតក្នុងការអាន និងសិក្សាស្រាវជ្រាវ តាមរយៈសៀវភៅឲ្យបានច្រើន។
ថ្ងៃបោះឆ្នោតក៏ជិតមកដល់ សម្តេចតេជោ ហ៊ុន សែន បានញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថ្ងៃទី ២៨, ២៩ ,៣០ គឺជាថ្ងៃឈប់ម្រាកដើម្បីឲ្យបងប្អូនកម្មករបានឈប់ និងបានប្រាក់ឈ្មួលពេញ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានប្រកាសដល់សាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់អោយមានការឈប់សម្រាកដល់សិស្សនិសិ្សតដើម្បីត្រៀមខ្លួនទៅបោះឆ្នោត នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះអោយកាន់តែមានភាពងាយស្រួល ។
នៅថ្ងែនះដែរ សម្តេចតេជោ បានប្រកាសដាក់ចេញនូវការបញ្ចុះតម្លៃប្រេងនៅក្នុងប្រទេសកម្ពុជា ដែលកន្លងទៅ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជិត ៨៣លានដុល្លារ ដោយស្ងាត់ស្ងៀមដើម្បីរក្សាស្ថិរភាពតម្លៃប្រេងអោយនៅចុះថ្លៃជូនបងប្អូនប្រជាពលរដ្ឋ។ នៅពេលនេះ គឺរាជរដ្ឋា ភិបាលចំណាយថវិកាប្រមាណជាង៣០លានដុល្លារដើម្បីបញ្ចុះថ្លៃជូនបងប្អូនប្រជាពលរដ្ឋ គឺរដ្ឋចូលរួម(២សេន) ហើយវិស័យឯកជននឹងចូលរួម ២សេនទៀត ដែលសរុប គឺ ៤សេន (១៦០៛) ដែលការបញ្ចុះតម្លៃនេះ (៤សេនក្នុង១លីត្រ) នឹងចុះជាផ្លូវការនៅថ្ងៃទី ១ កក្កដា ២០១៨។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យក្រសួងពាណិជ្ជកម្មពិនិត្យតាមដាននិងអនុវត្តនូវការបញ្ចុះតម្លៃនេះអោយបានត្រឹមត្រូវហ្មត់ចត់ចាប់ពី ទី០១ ខែកក្ដដា ឆ្នាំ២០១៨ តទៅ ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងកូនក្មួយជ័យលាភីទាំងអស់ ព្រមទាំងបានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សានៅសាលកវិទ្យល័យភូមិន្ទភ្នំពេញ និងបានថតរូបអនុស្សាវរីយ៍ ជាមួយក្មួយៗនិស្សិតក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ