ភ្នំពេញ ៖ ហេតុដែលហួចចិត្តមួយបងប្រុសបង្កើតប្តឹងនគរបាលឲ្យចាប់វាយខ្នោះប្អូនប្រុសបង្កើតបន្ទាប់ពីប្អូនថ្លើមធំរូបនោះបានដឹងដៃនារីម្នាក់ជាអនាគតបងថ្លៃឡើងផ្ទះសំណាក់រួចរំលោភរហូតបាន២ដង ទើបបែកការដល់គូរដណ្តឹងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
នារីរងគ្រោះឈ្មោះ ប ល ដ អាយុ១៧ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្រុកកំណើតខេត្តតាកែវ ។ ចំណែកប្អូនថ្លៃថ្លើមធំ ឈ្មោះ ជាតិ ចាន់លីម ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយមីងនៅក្នុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ប្រភពបានឲ្យដឹងថា កន្លងមក នារីរងគ្រោះបានទូរស័ព្ទ ហៅប្អូនថ្លៃ(ជាតិ ចាន់លីម) ខាងលើឌុបនាង ទៅលេងផ្ទះម្តាយមីងនៅឯស្រុកអង្គស្នួល ខេត្តកណ្តាល ដោយណាត់រងចាំនៅម្តុំរង្វង់មូល ជ្រោយចង្វារ ។
ប្រភពបន្តទៀតថា នៅវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ នាងបានខលហៅប្អូនថ្លៃមកយកនាង ខណៈដែលជនសង្ស័យឌុបនាងរងគ្រោះ មកតាមផ្លូវ មេឃធ្លាក់ភ្លៀងផង ពេលឌុបគ្នាមកដល់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ប្អូនថ្លៃបែកគំនិត ឆ្លៀតឱកាស ឌុបចូលផ្ទះសំណាក់ យីហោ មិត្តភាព ជួលបន្ទប់ លេខ១១៣ ចូលសម្រាកទិញបាយហូបសិន រួចរាល់ឆ្អែតមានកម្លាំង ជនសង្ស័យ លួងលោម ហារមាត់សុំរួមភេទត្រង់ៗតែម្តង តែជនរងគ្រោះ មិនយល់ព្រម ។ ពេលនោះ ជនសង្ស័យក៏ចាប់ជាប់សម្រាតខោផុត រួចចាប់រំលោភ បានសម្រេចរហូតដល់២ដង ។ បន្ទាប់មក ដោយនឹកថាជនរងគ្រោះមិនហ៊ានប្រាប់បងប្រុសរបស់ខ្លួននោះ ជនសង្ស័យក៏ចេញពីផ្ទះសំណាក់បន្តដំណើរទៅដល់ផ្ទះម្តាយមីង ។
ប្រភពបន្តថា ដោយសារនាងរងគ្រោះខ្លាចដល់ថ្ងៃរៀបការ ប្តីនាងចោទថា អស់ភាពបរិសុទ្ធ ទើបនាងរងគ្រោះប្រាប់ការពិតរឿងរ៉ាវដែលប្អូនថ្លៃចាប់បង្ខំរំលោភបាន២ដង ពេលនោះ បងថ្លៃខឹងច្រឡោត ក៏ប្តឹងប៉ូលិសតាមស្វែងរកចាប់ខ្លួនជនសង្ស័យបានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ។
តាមសម្តីបុរសជាបងថ្លៃរបស់ជនសង្ស័យ បានឲ្យដឹងថា ជាតិ ចាន់លីមនេះ ជាប្អូនប្រុស ឪពុកតែមួយម្តាយផ្សេងគ្នារបស់ខ្លួន នឹកថា ខំទុកចិត្ត មិនគួរឡើយណា ហ៊ានធ្វើអីចឹងដាក់រូបគាត់ជាបងសោះ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សាច់ញាតិព្យាយាមសម្របសម្រួលគ្នានៅប៉ុស្តិ៍ចោមចៅ៣ តែមិនត្រូវរ៉ូវគ្នា នោះទេ ភាគីសាច់ញាតិខាងគូដណ្តឹងដាច់ខាតចាត់ការតាមផ្លូវច្បាប់ ទោះសមុីខ្លួន យល់ព្រមបើកភ្លើងខៀវឲ្យសម្របសម្រួលយ៉ាងណាក្តី ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជាតិ ចាន់លីម ទៅផ្នែកជំនាញអធិការដ្ឋានចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ