ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋ ជាង១ពាន់នាក់ មកទទួល អំណោយពីលោកឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ដែលបានពាំនាំអំណោយ ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋជិត១ពាន់អ្នក រស់នៅក្នុងភូមិវាលពោធិ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ។
ក្នុងឱកាសនេះ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអានរបាយការណ៍ អំពីសមិត្តផលក្នុងខេត្តដែលបានកសាងកន្លងមកថ្មីៗ សាងសងផ្លូវមួយខ្សែ ក្រាលក្រួសក្រហម ដែលតភ្ជាប់ពីឃុំចំការលើ មកដល់ឃុំអន្លុងភេនេះ ងាយស្រួលដល់បងប្អូនធ្វើដំណើរ និងដឹកកសិផលផ្សេង ជាពិសេស អ្នកមានជំងឺងាយស្រួលដឹកមកមណ្ឌលសុខភាព ទាន់ពេលវេលាមិនពិបាកដូចមុននោះឡើយ ។
ក្នុងការចុះចែកអំណោយនេះផងដែរ លោកក៏បានផ្តាំផ្ញើដល់បងប្អូន ទាំងអស់ត្រូវចេះស្រឡាញ់គ្នា យល់យោគគ្នា មួយវិញទៀតត្រូវចេះថែសុខភាពផង ព្រោះរដូវនេះជារដូវវស្សាផង តំបន់ព្រៃសំបូរមូសខ្លា ត្រូវសម្រាកក្នុងមុងជ្រលក់ថ្នាំដែលមណ្ឌលសុខភាពបានចែកជូន មុនរដូវវស្សាជិតចូលមកដល់ ។
ម្យ៉ាងទៀតបើមានអសន្តិសុខ ឬអំពើហិង្សាកើតឡើងនៅក្នុងភូមិ ឃុំ ដែលអ្នកកំពុងរស់នៅ ត្រូវរាការណ៍មក នគរបាលប៉ុស្តិ៍ដែលជានគរបាលយុត្តិធម៌ និងលោកមេឃុំ ដែលនៅជិតបំផុត ព្រោះពួកគាត់ធ្វើការបម្រើបងប្អូន មិនរើសអើង មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ហើយយើងរស់បានមកដល់សព្វថ្ងៃនេះបានដោយសារស្នាដៃលោកទាំងទ្វេ តែងតែការពារកសាង និងគិតគូរដល់ប្រទេសជាតិ និងបងប្អូនប្រជាពលរដ្ឋជាធំ មិនត្រឹមតែប៉ុណ្ណោះ មានហេដ្ឋារចនាសម្ព័ន្ធ លូ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាមរីកដុះដាលគ្រប់វិស័យ ។
ទន្ទឹមនឹងនេះ ក៏សូមធ្វើយ៉ាងណាឲ្យបងប្អូនកូនក្មួយចៀសវាង នូវការប្រើប្រាស់ និងសេពនូវសារធាតុញៀន ល្បែងស៊ីសងទាំងឡាយ និងជៀងវាងនូវ អំពើហិង្សាផ្សេងៗដែលច្បាប់បានហាមឃាត់ ម្យ៉ាងវិញទៀត វានាំឲ្យអន្តរាយ ដល់គ្រួសារ និងសង្គមជាតិយើងផង ។
ក្រោយមក លោកឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានពាំនាំអំណោយ និងផ្តាំផ្ញើការសួរសុខទុក្ខ ដល់បងប្អូនក្នុងឃុំអន្លុងភេទាំងមូលផងដែរថា លោកទាំងពីរទោះនៅឆ្ងាយក៏ពិតមែន តែលោកតែងតែគិតគូរ និងយកចិត្តទុកដាក់ ដល់បងប្អូនជានិច្ចកាល ទីណាបងប្អូនមានទុក្ខលំបាក ទីនោះ មានលោកទាំងពីរនៅក្បែរជានិច្ច ជាពិសេសសូមបងប្អូនកុំភ្លេចបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្តដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា មានតែគណបក្សប្រជាជនកម្ពុជានេះទេ ទើបមានសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍ ។
ជាទីបញ្ចប់នេះ លោកបាននាំយកអំណោយដែលជាទឹកចិត្តថ្លៃថ្លា របស់សម្តេចទាំងពីរចែកជូន ដល់បងប្អូនចំនួនជាង១ពាន់នាក ម្នាក់ៗទទួលបានសារុង១ ៕ មាស សុផាត