ព័ត៌មានទាន់ហេតុការណ៍៖

អាហារកញ្ចប់ចំនួន៧៩៨ កញ្ចប់ និងអង្ករហ្សាកាត់ចំនួន៥៥តោន៣១៤ គីឡូក្រាម ឧបត្ថម្ភដោយអង្គការmuSlime helfen ចែកជូនបងប្អូនសាសនិកឥស្លាមកម្ពុជាក្នុងខែបួសរ៉ាម៉ាឌននេះ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសនៃខែបួសរ៉ម៉ាឌនដ៏ពិសិទ្ធរបស់សាសនា ឥស្លាម ឆ្នាំ២០១៨ កន្លងមកនេះ ដែលមានរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៥-ឧសភា ដល់ ១៤-មិថុនា-២០១៨ សមាគម និស្សិត មុស្លិមកម្ពុជា (CAMSA) បានធ្វើការបែងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងអង្ករហ្សាកាត់ ដែលជាអំណោយរបស់ អង្គការmuslimehelfen នៃប្រទេសអាល្លឺម៉ង់ ចែកជូនដល់សាសនិកឥស្លាមក្រីក្រី ចាស់ជរាជនពិការ ស្ត្រីមេម៉ាយ ទៅតាមតំបន់ផ្សេងៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ពិធីផ្ដល់អំណោយសប្បុរសធម៌នេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃព្រហស្បតិ៏ ៩កើត ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ។

លោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអោយដឹងថា៖ ក្នុងឱកាសនៃខែបួសរ៉ម៉ាឌនដ៏ពិសិទ្ធរបស់សាសនាឥស្លាមឆ្នាំ២០១៨នេះ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា (CAMSA) អង្គការ muslimehelfen (MH) នៃប្រទេសអាល្លឺម៉ង បានផ្តល់អំណោយអាហារកញ្ចប់ជាគ្រឿង ឧបភោគបរិភោគ (food packages)ចំនួន ៧៩៨កញ្ចប់ និងអង្ករហ្សាកាត់(Zakat) ចំនួន ៥៥តោន ៣១៤គីឡូក្រាម ដើម្បីបែងចែក និងមានប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា ស្រ្តីមេម៉ាយ ៨រាជធានី-ខេត្ត ដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ សរុបចំនួន៣,៩៥១គ្រួសារ ។ សមាគម ក៏បានរៀបចំថវិកាស្រាយបួស(iftar)នៅតាមវិហារ/សូរ៉ាវ ចំនួន ២៨ភូមិ ទូទាំងរាជធានី/ខេត្ត ដើម្បីជូនសាសនិកឥស្លាមក្នុងភូមិទាំងនោះបានទទួលអាហារ ស្រាយបួសជួបជុំគ្នាផងដែរ ។​

លោក សុះ មុះសិន បានបន្ដថា៖ អង្គការ muslim ehelfen គឺជាអង្គការមនុស្សធម៌អន្តរជាតិមួយ ដែលបានធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមនិស្សិតមុស្លិមកម្ពុជា ជាច្រើនឆ្នាំកន្លងមកហើយ ជាក់ស្តែងមានគម្រោងអភិវឌ្ឍន៍ជាច្រើនបាននឹងកំពុងអនុវត្តនៅតាមសហគមន៍ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា ជនជាតិដូចជា៖ សាងសង់អគារអន្តេវាសិកដ្ឋាននិស្សិតនារីមុស្លិម ចំនួន ២កន្លែង សម្រាប់និស្សិតនារី មុស្លិមក្រីក្រស្នាក់នៅដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ។

គម្រោងប្រាក់កម្ចីឥណទានឥតការប្រាក់ផ្តល់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អ្នកក្រីក្រខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ​ការផ្តល់អំណោយសង្គ្រោះ​បន្ទាន់ដល់ជនរងគ្រោះដោយសារមហន្តរាយគ្រោះធម្មជាតិនិងអគ្គិសភ័យ (ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ) នៅតាមបណ្តា រាជធានី /ខេត្ត ។ បែងចែកសាច់គោនិងពពែដល់សាសនិកឥស្លាមក្នុង​កម្មវិធីគូរបាន (QURBAN)និងអាគីកះ (AQIQA) ជារៀងរាល់ឆ្នាំ ។វគ្គបណ្តុះបណ្តាល​​វិជ្ជាជីវៈកាត់ដេរ កុំព្យូទ័រ និងភាសាអង់គ្លេស ដោយឥតគិតថ្លៃ។

ពិសេសការផ្តល់ថវិកាសម្រាប់រៀបចំកម្មវិធីស្រាយបួស(iftar) និងចែកអាហារជាគ្រឿងឧបភោគ បរិភោគក្នុងខែរ៉ម៉ាដន (Ramadan) ជាដើម។ គម្រោងខាងលើ ពិតជាបានចូលរួមចំណែកយ៉ាងសកម្ម​ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងចំគោល ដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស បានគ្របដណ្តប់លើវិស័យសំខាន់ៗ ដូចជា វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច សុខាភិបាល ។ល។

ក្នុងនាមសមាគមនិស្សិតមុស្លិមកម្ពុជា លោក សុះ មុះសិន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានថ្លែងអំណរគុណដល់ អង្គការ muslimehelfen ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ រួម​ចំណែកយ៉ាងធំធេងក្នុងការលើកកំពស់ជីវភាពរស់នៅ និងការ​​​កាត់បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋកម្ពុជា ៕ សំរិត


ចែករំលែក៖