ព័ត៌មានទាន់ហេតុការណ៍៖

នេះជាសកម្មភាពអ្នកដឹកទំនិញទាំងរថយន្តតូចធំ រ៉ឺម៉ក ក្នុង១ថ្ងៃរាប់រយគ្រឿងចូលបង់ ប្រាក់ឲ្យគយចល័ត ឈរជើងចំណុចក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ក្រុមគយចល័តបង្កើតស្នាក់ការនៅចំណុចផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ពិតជាបានបង្ហាញនូវសកម្មភាពរូបភាពដោយផ្ទាល់ នៃអំពើពុក រលួយ ។ ក្នុងនោះ មួយថ្ងៃៗទាំងពេលព្រឹក ពេលរសៀល និងពេលយប់ និយាយរួមគឺ១៤ ម៉ោងលើ២៤ម៉ោង គេបានឃើញអ្នករកស៊ីដឹកទំនិញ ទាំងរ៉ឺម៉កម៉ូតូ ទាំងដឹកតាមម៉ូតូ ទាំង សកម្មភាពដឹកជញ្ជូនតាមរថយន្តតូច និងរថយន្តធំ មួយថ្ងៃៗរាប់រយគ្រឿង តែងតែចូលបង់ ប្រាក់ ដោយមិនគិតពីការដឹកជញ្ជូនទំនិញទាំងនេះ មានពន្ធ ឬគេចពន្ធនោះឡើយ ។

គេពុំដឹងថា ការដឹកតាមម៉ូតូ តាមរ៉ឺម៉ក រថយន្តតូច និង រថយន្តធំ បង់ក្នុងកម្រិតណាច្បាស់ លាស់នៅឡើយទេ ប៉ុន្តែជាទម្លាប់មន្ត្រីគយទាំងនេះ ចាត់ទុកថានេះជារបបថ្លៃបាយទឹក របស់គយ ។ ដោយឡែកទំនិញបង់ពន្ធ ឬបង់មិនគ្រប់ក៏ដូចជាគេចពន្ធជាដើម នោះជារឿង គិតបង់ប្រចាំខែផ្សេងទៀត បើពុំបានបំពេញតាមបំណងរបស់គយទេ ក្រុមអ្នករកស៊ីទាំង នោះអាចប្រឈមទឹកភ្នែកជូតក្បាលជង្គង់ តាមរយៈការសំឡុត ប្រមាថមាក់ងាយ ចាប់ ទំនិញទុកឲ្យខាតពេលវេលា ឬចាប់ជាការគំរាម ដើម្បីឲ្យស្គាល់ពីឥទ្ធិពល អំណាចប្រចាំ ស្នាក់ការនេះ ។

មន្ត្រីគយទាំងនោះ ម្នាក់ៗសុទ្ធជិះរថយន្តទំនើបៗ ទទួលទានភេសជ្ជៈ និងស្រាសុទ្ធតម្លៃ ខ្ពស់ ប៉ុន្តែពួកគាត់ពួកគាត់នៅតែខ្វះថ្លៃបាយប៉ុណ្ណោះ ទើបមានសកម្មភាពនៃអំពើពុករលួយ នេះកើតឡើង ។

ប្រជាពលរដ្ឋបានឃើញហេតុការណ៍ទាំងនេះ តែងរិះគន់ថា មន្ត្រីគយទាំងនោះ ហាក់ដូច ជាជញ្ជក់ឈាមពលរដ្ឋជ្រុលពេកទៅហើយ ។ ពិសេសសូម្បីតែសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក៏មិនពេញចិត្ត ខណៈគាត់រក្សាផ្លូវចិត្តប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏មិនចង់ឲ្យពលរដ្ឋ មន្ត្រីរបស់គាត់បានឃើញរាល់សកម្មភាពនៃអំពើពុករលួយ ដែលមន្ត្រីគយបង្ខំចិត្តឲ្យឈ្មួញ ដឹកទំនិញតាមម៉ូតូ រ៉ឺម៉កម៉ូតូ រថយន្តតូច រថយន្តធំ ចូលបង់ប្រាក់យ៉ាងប្រសេចប្រសាច និង មិនបានពិនិត្យលើឯកសារប្រតិវេទន៍គយនោះឡើយ ។

ពួកគាត់បានលើកជាចម្ងល់ថា បើការដឹកជញ្ជូនមិនបានបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ គួរមាន ចំណាត់ការទៅតាមនីតិវិធីរបស់គយ ចាប់ពិន័យឲ្យបង់ពន្ធ គឺធ្វើឲ្យរដ្ឋទទួលបានចំណូល នាំចូល ក្នុងនោះអ្នករកស៊ីក៏ត្រូវយល់អំពីផ្លូវច្បាប់នៃប្រទេសគ្រប់គ្រងដោយច្បាប់ ។ ម្យ៉ាង វិញទៀត បើរថយន្តដឹកជញ្ជូនទំនិញ បង់ពន្ធរួចហើយ មិនត្រូវក្រុមគយទាំងនេះកាក់ និង បង្ខំបង់ប្រាក់ក្បាលឡាននោះដែរ ។និយាយរួម ទាំងគយ និងឈ្មួញមួយចំនួន សុទ្ធតែត្រូវ ដង ត្រូវផ្លែជាមួយគ្នា រហូតដឹកជញ្ជូនចូលតាមខេត្ត ឆ្លងកាត់ស្នាក់ការក្រុមគយចល័ត គឺ ហែកប្រយោជន៍ចែកគ្នា ដោយវប្បធម៌នៃអំពើពុករលួយ ។

ក្នុងមួយថ្ងៃៗ ស្នាក់ការគយចល័តនៅចំណុចក្រែក លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រកចំណូចបានពីការបង់ប្រាក់ពីឈ្មួញក្រោមតុរាប់ម៉ឺន ដុល្លារ ។ នេះមិនបានគិត បូកបញ្ចូលពីចំណូលដែលពួកគេ តម្រូវឲ្យឈ្មួញបង់ក្បាលឡាន ក្នុងមួយខែចាប់ពី៣០០ដុល្លារទៅ២០០០ដុល្លារ ឬ៥០០០ដុល្លារនោះទៀតផង។

សកម្មភាពទាំងអស់នេះ កំពុងជះឥទ្ធិពលដ៏អាក្រក់ ប៉ះពាល់សតិអារម្មណ៍ប្រជាជន ដោយ សារតែមន្ត្រីគយមួយក្តាប់តូច ធ្វើឲ្យខូចឈ្មោះដល់ថ្នាក់លើ ។ បញ្ហាទាំងអស់នេះ គួរ ណាស់តែមេគយចល័តទូទាំងប្រទេស លោក កើត សុធារ៉ា ក៏ដូចជាលោកអគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្តាពិនិត្យ និងកាត់បន្ថយនូវទង្វើដ៏មិនគម្បីនេះ ខ្លះៗផង ប្រសិនបើមិនពាក់ព័ន្ធទៅនឹងប្រយោជន៍ណាមួយ ព្រោះអាក្រក់ភ្នែកណាស់ជា រៀងរាល់ថ្ងៃ ពីសកម្មភាពក្រុមគយចល័តឈរជើងនៅទីនោះ ៕ សុខ ខេមរា


ចែករំលែក៖