ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថស្រុកកំពង់សីលា បានឃាត់ខ្លួនជនសង្សយ័ម្នាក់ យកទៅផ្តន្ទាទោស ពីបទប្រើអំពើហិង្សាបង្ករបួសស្នាមដោយចេតនាទៅលើជនរងគ្រោះម្នាក់ កាលពីម៉ោង9កន្លះយប់ ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចចំការ លោកស្រី ស្រ៊ុន ផាណេត ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័ឈ្មោះ ឯក សុមេត្តា ភេទប្រុស អាយុ22ឆ្នាំ មុខរបរ កម្មករ ក្នុងចំការខាងលើ មានទីលំនៅភូមិ ឃុំ កើត ហេតុ បានយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ម៉ាន់ នុច ភេទប្រុស អាយុ18ឆ្នាំ មុខរបរកម្មករក្នុងចំការជាមួុយគ្នា មានទីលំនៅជាមួយគ្នា បណ្តាលអោយរងរបួសត្រង់ក្បាលចំនួន3កន្លែង ដោយសារជម្លោះពាក្យសំដីនឹងគ្នាពេលផឹកសុី ។
ក្រោយកើតហេតុ កម្លាំងកងរាជអាវុធស្រុកចុះទៅអន្តរាគមន៍ និងតាមចាប់ខ្លួនជនបង្ក ដែលបានរត់គេចខ្លួន រហូតដល់ម៉ោងជិត១១យប់ថ្ងៃដដែល ទើបចាប់ខ្លួនជនសង្សយ័ បាននៅចំណុច គីឡូម៉ែត្រលេខ129តាមបណ្តោយផ្លូវជាតិ លេខ04 ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនតាមច្បាប់ ។ ឆ្លាម សមុទ្រ