ភ្នំពេញ ៖ ពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌសែនសុខថាប្រឡាយអូរអាគុជ គឺជាប្រឡាយមេបង្ហូរទឹកស្អុយយ៉ាងសំខាន់ សម្រាប់រំដោះទឹកចេញពីភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ក៏ដូចជា ខណ្ឌសែនសុខ បន្តទៅកាន់ប្រឡាយ ៥៩៨ បច្ចុប្បន្ននេះ កំពុងត្រូវបានគេចាក់ដីរំលោភយ៉ាងរំភើយ ហាក់ដូចជាគ្មានការមើលថែពីសំណាក់អាជ្ញាធរខណ្ឌ ឬ សង្កាត់សោះឡើយ ។
ជាក់ស្តែង រូបភាពការចាក់ដីរំលោភបំពានទៅលើប្រឡាយ អូរអាគុជនេះ ត្រូវបានក្រុមការងារ ថតបាន កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចប្រឡាយ អូរអាគុជ ជាប់ផ្លូវលេខ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋម្នាក់រស់នៅតំបន់ក្បែរនោះប្រាប់ឲ្យដឹងថា ការចាក់ដីរំលោភបំពានទៅលើប្រឡាយ អូរអាគុជនេះ គឺរូបគាត់ឃើញប្រហែលជាង ២០ថ្ងៃមកហើយ ដោយមិនដឹងថា ខាងណាជាអ្នកចាក់ដីលុបនោះទេ ។ ដូច្នេះពួកគាត់មិនដឹងជាធ្វើអ្វីនោះទេ គឺបានត្រឹមតែ ឈរមើល គេចាក់ដីលុបប្រឡាយតែប៉ុណ្ណោះ ។
ទោះបីយ៉ាងណាក្តី នៅពេលដែលឃើញគេចាក់ដីលុយប្រឡាយបង្ហូរទឹកបែបនេះ រូបគាត់មាន ការសោកស្តាយយ៉ាងក្រៃលេង ។ ពីព្រោះថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ សម្រាប់បង្ហូរ និង រំដោះជំនន់ទឹកភ្លៀង ក៏ដូចជាប្រើប្រាស់ជាប្រចាំរបស់ប្រជាពលរដ្ឋ ផ្ទុយទៅវិញ កំពុងត្រូវបានអ្នកមានអំ ណាច ចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះ ។
ជាមួយគ្នានេះពលរដ្ឋ សូមសំណូមពរដល់ អាជ្ញាធរខណ្ឌសែនសុខ ជាពិសេស អាជ្ញាធរ រាជធានីភ្នំពេញ មេត្តាជួយត្រួតពិនិត្យ អន្តរាគមន៍ និងមានវិធានការទប់ស្កាត់ នូវជនខិលខូច ដែលមានបំណងរំលោភយកប្រឡាយអូរអាគុជធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះផង ។
ជុំវិញព័ត៌មាននេះ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានឆ្លើយបំភ្លឺតាមរយះប្រព័ន្ធ Whatsapp កាលពីវេលាម៉ោង១២ និង១៨នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ថា ចំពោះប្រឡាយអូរអាគុជនេះ គឺសាលាខណ្ឌសែនសុខ តែងតែកាយពង្រីក ប៉ុន្តែដោយសារមានការបាក់ដី រហូតដល់ជិតបាក់របងដែលសង់លើដីកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋក្បែរនោះ ទើបរដ្ឋបាលខណ្ឌសែនសុខ ចាក់ដីទប់ឲ្យរឹងវិញ និងកាយពង្រីកវិញនៅពេលក្រោយ ។
ចំពោះបញ្ហានេះ មតិមហាជនបាននាំគ្នាលើកឡើងថា ការចាក់ដីលុយរំលោភទៅលើប្រឡាយអូរអាគុជបែបនេះ តែចាក់ហើយ គឺរួចរាល់ហើយ មិនដែលឃើញនរណាចាក់ដីហើយ កាយឡើងវិញនោះទេ ៕ តុង សីហា