ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស​វិទ្យាល័យ​ម្នាក់ត្រូវ​​ជន​មិន​ស្គាល់​អត្តសញ្ញាណ​វាយ​នឹង​ខ្សែ​ក្រ​វា​ត់សន្លប់ស្តូក

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ ៖ សិស្ស​វិទ្យាល័យ​ម្នាក់​ឈ្មោះ ចាន់ រិ​ទ្ធ អាយុ​២១​ឆ្នាំ រៀន​ថ្នាក់​ទី​១២A ត្រូវ​បាន​ជន​ដៃដល់​មិន​ស្គាល់​អត្តសញ្ញាណ​វាយ​នឹង​ខ្សែ​ក្រ​វ៉ា​ត់ ហើយ​ជន​ដៃដល់​ថា​ច្រឡំ​មនុស្ស បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ពេល​ដែល​ជន​រង​គ្រោះ​ម្នាក់​នេះ និង​មិត្តភក្តិ​របស់​គេ​ឈរ​លេង​នៅ​ចំណុច​ឡឥដ្ឋ ចុះ​ពី​​ផ្លូវជាតិ​លេខ​៣ ចំងាយ​ប្រមាណ​ជា​៣​ទៅ​៤ ម៉ែត្រ ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ។

ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ស្គែ​ន​នៅ​មន្ទីរពេទ្យ​ខេត្តកំពត ហើយ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ដោយសារ​រង​របួសធ្ងន់ ។

បើ​តាម​ការ​សាកសួរ​មិត្តភក្តិ​ជន​រង​គ្រោះ​ដែល​នៅ​ជាមួយគ្នា​​បាន​និយាយ​ថា ពួក​ខ្លួន​មាន​គ្នា​តែ​ពីរ​នាក់​កំពុង​ឈរ​ជជែក​គ្នា ស្រាប់តែ​ជន​បង្ក​នោះ​មក​វាយ​យក​ៗ ហើយ​ពេល​វាយ​ឈ្មោះ​ចាន់ រិ​ទ្ធ ដែល​ជា​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​សន្លប់​ហើយ​នោះ ជន​បង្ក​ដែល​មាន​គ្នា​ពីរ​នាក់ ស្រែ​កថា «​អញ​កូន​មេ​ប៉ុស្តិ៍​សាមគ្គី​» ហើយ​ក៏​ជិះ​ម៉ូតូ​ម៉ាក​សង់ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ (ចំណែកស្លាកលេខមើលមិន​ច្បាស់ ឃើញតែ​លេខ​​ ១៨៨១) ចេញ​បាត់​ទៅ ។

ចំពោះ​ករណី​នេះ​នៅ​មិន​ទាន់​ដឹង​ថា ជន​បង្ក​នោះ​ជា​កូន​នាយ​ប៉ុស្តិ៍​មែន​ដូចដែល​បាន​ស្រែក ឬក៏​ជា​យុទ្ធសាស្ត្រ​បង្វែងដាន​របស់​ជន​បង្ក​ឬ​យ៉ាងណា​នោះ​ទេ តែបើ​តាម​លោក​អនុសេនីយ៍ឯក អុឹង ផល នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សាមគ្គី បាន​បដិសេធ​ថា គ្រួសារ​លោក​មិន​មានកូន​ប្រុស​នោះ​ទេ មាន​តែ​កូនស្រី ហើយ​កូន​ដែល​ធំ​ជាងគេ​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ប៉ុណ្ណោះ តែ​យ៉ាងណា​ករណី​នេះ​ លោក និង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖