ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿន បុកគោយន្តដឹកធុងបាស់គ្មានភ្លើងខាងក្រោយបាក់កស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូនិងគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃ ព្រហស្បតិ៍ ៩ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចខាងកើតស្នាក់ការសន្តិសុខ អាវុធហត្ថ៦០៨ ចម្ងាយ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសំរ៉ោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1K-2194 ប្រភេទម៉ូតូស្រី បើកបរដោយឈ្មោះ ហាន់ ប៊ុនហៃ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ធ្វើដំណើរតែម្នាក់ឯងក្នុង ទិសដៅពីកើតទៅលិច។លុះជិះមកដល់កន្លែងកើតហេតជាកន្លែងងងឹត ម៉ូតូនេះ បានបុកគោយន្តកន្រ្តៃ(ប្រភេទកសិកម្ម) ដឹកធុងបាស់ដែលគ្មានភ្លើងបំភ្លឺខាងក្រោយ ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ អ្នកបើកបរគោ យន្តកន្រ្តៃទុកគោយន្តចោលរួចគេចខ្លួនបាត់។

បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកជីក្រែងទៅដល់វាស់វែងយកគោយន្តទៅរក្សាទុក និងបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖