ព័ត៌មានទាន់ហេតុការណ៍៖

អត់លុយចាក់បាល់World Cup ឆ្នាំ២០១៨ បែកគំនិតខ្ចីម៉ូតូមិត្តភ័ក្តិយកទៅបញ្ជាំ ចុងក្រោយដេកគុក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដោយសារតែវក់នឹងការភ្នាល់ក្នុងចាក់បាល់World Cup ឆ្នាំ២០១៨ ចាញ់ច្រើនពេករហូតទល់តែអស់លុយពីខ្លួន បានបែកគំនិតប្រើល្បិចធ្វើជាខ្ចីម៉ូតូមិត្តភ័ក្តិជិះទៅយកលុយមួយភ្លេច ពេលជនរងគ្រោះឲ្យខ្ចីហើយបែរជា យកទៅបញ្ជាំក្នុងតម្លៃ៦២០ដុល្លារ រួចបន្តភ្នាល់បាល់ចាញ់អត់ទៀត ចុងក្រោយជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចហាងផឹកស៊ីមួយកន្លែងនៅម្តុំសណ្ឋាគារឡឺប្រ៊េស័ដង់ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះរូបគេព្យាយាមលាក់បាំងឈ្មោះផងដែរ ។

យោងតាមសម្តីពីជនរងគ្រោះឈ្មោះ ខេម សំរឹទ្ធិតារា អាយុ៣៣ឆ្នាំ បានឲ្យដឹងថា រូបគាត់និងជនសង្ស័យជាមិត្តភ័ក្តិនិងគ្នាអស់រយ:ពេលពីរឆ្នាំមកហើយ គឺស្គាល់តាមរយៈការលេងបាល់ទាត់ជាមួយគ្នា ។ ហើយនៅថ្ងៃកើតហេតុវេលាម៉ោង៨យប់ ជនសង្ស័យខាងលើ បានទូរស័ព្ទហៅរូបគាត់ឲ្យទៅផឹកស៊ីជុំគ្នានៅហាងមួយកន្លែងនៅម្តុំសណ្ឋាគារឡឺប្រ៊េស័ដង់ ខណ:ពេលដែលគាត់និងជនសង្ស័យកំពុងតែផឹកស៊ីយ៉ាងសប្បាយរីករាយនោះ ។ ស្រាប់តែមួយស្ទុះក្រោយមកជនសង្ស័យ បានខ្ចីម៉ូតូរបស់គាត់ ម៉ាកហុងដាឃ្លីក ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FC-5745 ដោយបានប្រាប់ថាគេ(ជនសង្ស័យ)ខ្ចីម៉ូតូជិះទៅយកលុយនៅផ្ទះមួយភ្លែត ភ្លាមនោះដោយមិនបានគិតអ្វីច្រើននោះទេ ព្រោះគិតថាស្គាល់គ្នាយូរមកហើយ ក៏ព្រមឲ្យម៉ូតូរបស់ខ្លួនទៅជនសង្ស័យជិះចេញទៅបាត់ទៅ ។ រហូតដល់វេលាកើតហេតុដោយចាំយូពេកមិនឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនត្រឡប់មកវិញ រូបគេ(ជនរងគ្រោះ)ក៏បានទូរស័ព្ទទៅជនសង្ស័យឲ្យត្រលប់មកហាងវិញ បន្ទាប់ពីជនសង្ស័យបានត្រឡប់មកហាងកើតហេតុខាងលើ ប៉ុន្តែមិនមានម៉ូតូរបស់ជនរងគ្រោះមកជាមួយនោះទេ ។

ប្រភពដដែលបន្តថា ពេលជនសង្ស័យមកជួបជនរងគ្រោះ ក៏បាននិយាយថា “បងខ្ញុំសុំទោសផង ខ្ញុំបានយកម៉ូតូរបស់បងឯងទៅបញ្ចាំយកលុយទៅចាក់បាល់អស់ហើយ “ តែជនសង្ស័យមិនបានបញ្ចក់ពីកន្លែងបញ្ចាំនោះទេតែគ្រាន់តែប្រាប់ថាម៉ូតូរបស់ជនរងគ្រោះនោះ គឺរូបគេបានដាក់បញ្ចាំក្នុងតម្លៃ៦២០ដុល្លារដោយពុំចាំបាច់មានឯកសារដែលពាក់ព័ន្ធនិងម៉ូតូនោះទេ ។

ក្រោយមកជនរងគ្រោះបាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការដោះស្រាយ ប៉ុន្តែជនសង្ស័យពុំមានលុយសង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលរដ្ឋបាលខណ្ឌទួលគោកដើម្បីចាក់ការទៅតាមនិតិវិធី ៕ ស តារា


ចែករំលែក៖