ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់នឹកឃើញរឿងចាស់ប្តីជាជនជាតិបរទេសជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ តូចចិត្តបើករថយន្តបុកបង្គោលភ្លើងចង់សម្លាប់ឯង

ចែករំលែក៖

ភ្នំពេញ៖ ដោយសារការស្រលាញ់មិនអាចបំភ្លេចបាត់ គឺឌិតជាប់ក្នុងអារម្មណ៍បានធ្វើឲ្យនារីម្នាក់ចង់សម្លាប់ខ្លួនទៅតាមប្តីរបស់ខ្លួនដែលជាជនជាតិបរទេស បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅជិតវិមានឯករាជ្យ ហើយពីនាងផឹកស្រាស្រវឹងបានបើករថយន្តកូរ៉ូឡាមួយគ្រឿង សំដៅទៅបុកបង្គោលភ្លើងទាំងកំរោលបណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើម បង្កការភ្ញាក់ផ្អើលទាំងព្រលឹម ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារតែការប៉ុនប៉ងសម្លាប់ខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃសុក្រ ១០កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9046 បើកតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនសំដៅទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងមួយដើម ។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងស្តាំរថយន្តយ៉ាងដំណំ ។

បន្ទាប់មកគេឃើញនារីម្នាក់ដែលជាបើកបររថយន្តបង្ក មានសភាពស្រវឹងស្រឿងៗផងនោះ បាននិយាយរៀបរាប់ទាំងអួរដើម.ក ថាព្រោះតែនាងនឹកឃើញរឿងចាស់ប្តីរបស់នាងជាជនជាតិបរទេស បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលនាងនៅជិតវិមានឯករាជ្យ ហើយពេលរូបនាងស្រវឹងម្តងៗគឺតូចចិត្ត ក៏សម្រេចបើករថយន្តបុកបង្គោលភ្លើងឲ្យស្លាប់តាមប្តី តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ស តារា


ចែករំលែក៖