ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជលផលខេត្តព្រៃវែងម្នាក់ស្លាប់និងមន្រ្តី២នាក់ទៀតរបួសធ្ងន់ដោយសារក្រុមជនល្មើសនេសាទបើកកាណូតបុក

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែងបានបណ្តាល ឲ្យមន្រ្តីជលផលម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ដោយសារតែត្រូវទូកក្រុម ប្រព្រឹត្តិបទល្មើសនេសាទបើកបំបុកនៅ ចំណុចក្បាលកោះ ស្ថិតក្នុងភូមិខ្សាច់ ឃុំ កោះសំពៅ ស្រុកពាមជរកាលពីរសៀលថ្ងៃ សុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៨ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ពិន ចាន់ ភេទប្រុស អាយុ៥០ឆ្នាំ នាយសង្កាត់ រដ្ឋបាលជលផល ស្រុកពាមជរត្រូវបាន កម្លាំងសមត្ថកិច្ចសហការជាមួយប្រជា ពលរដ្ឋរកឃើញសពនៅជិតកន្លែងកើត ហេតុកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃដដែល ខណៈមន្រ្តី២នាក់ទៀតរងរបួសធ្ងន់រួមមាន ទី១-ឈ្មោះ ទ្រី សុគិត អាយុ២៩ឆ្នាំ ជាអ្នកបើកទូក និងទី២-ឈ្មោះ ខាន់ ទ្រី អាយុ៥៨ឆ្នាំ ។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាល ជលផលខេត្តព្រៃវែងបានឲ្យដឹងថា ករណី នេះកម្លាំងជលផលរបស់លោកបានចុះ បង្ក្រាបបទល្មើសនេសាទ ព្រោះជារដូវ ហាមឃាត់ ពេលនោះមាននាយសង្កាត់ម្នាក់បានស្លាប់និងកម្មករ២នាក់រងរបួសធ្ងន់ ។

នៅពេលកើតហេតុមានជនមិនស្គាល់ អត្តសញ្ញាណ២នាក់ជិះទូកជ័រស្មាច់១គ្រឿងដឹកធុងស្នោបំពាក់ដោយម៉ាស៊ីន១គ្រឿង បើកពីជើងទៅត្បូងតាមបណ្ដោយទន្លេមកបំបុកជាមួយទូកប្រដេញរបស់សង្កាត់ជលផលស្រុកពាមជរបណ្ដាលឲ្យទូកប្រដេញលិចក្នុងទឹកហើយឈ្មោះ ពិន ចាន់ បានមុត នឹងស្លាបចក្រម៉ាស៊ីនចំក្បាល២កន្លែងធ្លាក់ ចូលទឹកស្លាប់ រហូតដល់វេលារសៀលទើប រកសពឃើញ ។

លោក អូន ស៊ីណាត បានបន្តថា ករណី នេះឃាតកម្មឬអត់នោះលោកមិនហ៊ាន សន្និដ្ឋានទេ សួរសមត្ថកិច្ចទៅ?

ចំណែកលោកឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែងបានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នេះជា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក។ ដោយ ភាគីបង្កបើកបុកជាមួយទូកមន្ត្រីជលផល ខណៈដែលទូកមន្ត្រីជលផលតូចជាងគេទើបលិចតែម្ដង។ ចំណែកជនរងគ្រោះ ដែលស្លាប់គឺមុតក្បាល២កន្លែងជ្រៅព្រោះចំស្លាបចក្រម៉ាស៊ីន ។

ក្រោយពេលកើតហេតុភាគីម្ខាងទៀត បានរត់គេចបាត់ដោយពុំមានជនណាស្គាល់ ប៉ុន្តែលោកកំពុងបន្តស្រាវជ្រាវ ៕ ហេង នរិន្ទ្រ


ចែករំលែក៖