ខេត្តតាកែវ៖ ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផល ក្នុងវត្តប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
នាឱកាសនោះ សម្តេចភក្តី បានថ្លែងកោតសសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ព្រះគ្រូចៅអធិការវត្តគ្រប់ជំនាន់ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានរួមចំណែកថែរក្សា ការពារ អភិរក្ស និងកសាងអភិវឌ្ឍន៍ ធ្វើឲ្យវត្តប្រាំបីមុំ ដែលមានចំណាស់ជាង២៤៥ឆ្នាំមកហើយនេះ មានការរីកចំរើន មានរចនាសម្ព័ន្ធ កាន់តែគ្រប់គ្រាន់សក្តិសមជា អារាមជាទីគោរពសក្ការៈ របស់ប្រជាពុទ្ធបរិស័ទយើងតាមប្រពៃណីព្រះពុទ្ធសាសនា តាមពុទ្ធបញ្ញតិ និងតាមពុទ្ធានុញ្ញាត។ ព្រះវិហារថ្មី និង សមិទ្ធិផលទាំងអស់នេះ មិនគ្រាន់តែបង្ហាញអំពីការរីកចំរើនរបស់វត្តប្រាំបីមុំ ប៉ុណ្ណោះទេ គឺនៅបានរួមចំណែកដល់ការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនានៅក្នុងមូលដ្ឋានឃុំប្រាំបីមុំ នៅស្រុកទ្រាំង នៅ ខេត្តតាកែវ និងនៅទូទាំងប្រទេសផងដែរ ។
សម្តេច បានសំណូមពរ៖ សូមថែរក្សារាល់សមិទ្ធផលដែលមានរហូតមកទល់ថ្ងៃនេះ ឲ្យបានគង់វង្សស្ថិតស្ថេរយូរអង្អែងទុកជាមរតកសម្រាប់កូនចៅជំនាន់នេះ នឹងជំនាន់តរៀងទៅ និងសូមបន្តជួយកសាងវត្ត តទៅទៀតដើម្បីឲ្យមានការរីកចំរើនថ្មី ស្របតាមការរីកចំរើនរបស់ប្រទេសជាតិយើង ។
សូមព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ថែរក្សាឲ្យបានល្អនូវសាមគ្គីភាព និងភាពសុខដុមរម្យមនាជាមួយសាសនិកនៃសាសនាផ្សេងៗ ដែលមាននៅក្នុងមូលដ្ឋានយើងទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
សូមអាជ្ញាធរគ្រប់ថ្នាក់ ជួយថែរក្សាការពារ និងបង្ករគ្រប់លក្ខណៈសម្បត្តិ ដើម្បីឲ្យវត្តយើងប្រតិបត្តិធម៌វិន័យបានកាន់តែល្អតទៅ
សម្តេច បានជំរាបជូនអង្គពិធីទៀតថា នៅសល់តែ៣៥ថ្ងៃទៀតទេ គឺដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ហើយ ដែលនេះគឺជាការបោះឆ្នោតដែលអនុវត្តត្រឹមត្រូវ និងទៀងទាត់តាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ ។ សូមព្រះតេជគុណគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅបោះឆ្នោះឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋ ដើម្បីសម្រេចជោគវាសនារបស់ខ្លួនយើងផង របស់ប្រទេសជាតិយើងផង ដោយជ្រើសរើសយកគណបក្សនយោបាយដែលយើងពេញចិត្ត គណបក្សនយោបាយដែលមានបទពិសោធន៍ក្នុងការដឹកនាំ មានថ្នាក់ដឹកនាំ និងធនធានមនុស្ស ដែលមានសមត្ថភាពការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី ដែលមានសមត្ថភាពថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងមានសមត្ថភាពដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងជាសង្គមជាតិដែលមានអារ្យធម៌ និងសេចក្តីស្រលាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីកាលទៀតឡើយ ៕