ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ទៅតុលាការពាក់ព័ន្ធករណីលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការីនៃអំពើពពោះជំនួស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី៥នាក់ប្រុសស្រី ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីទី១បទ «អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែនដោយខុសច្បាប់» តាមមាត្រា១៦ នៃច្បាប់ស្តីពីប្រឆាំងការជួញដូរមនុស្ស និងទី២បទ «អន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះជំនួស» តាមមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

គួររំលឹកផងដែរកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយកម្លាំងនគរបាល មូលដ្ឋាន បានចុះបង្ក្រាបករណីលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការីនៃអំពើ ពពោះជំនួសឃាត់ខ្លួននារីរងគ្រោះចំនួន៣៣ នាក់ និងជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងនោះប្រុសម្នាក់ជនជាតិចិន ។ ប្រតិបត្តិការនេះធ្វើឡើង ចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ ។

ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

នគរបាលបានអោយដឹងថា ជនស្ស័យទាំង៥នាក់មាន បុរសជនជាតិចិនទី១-ឈ្មោះ LiU QIANG ជនជាតិចិន ភេទប្រុស អាយុ៤៩ឆ្នាំ ជាមេការ, ស្រ្ដីសង្ស័យទី២-ឈ្មោះ ស្វាយ ស៊ីណុច ភេទស្រី អាយុ៣៤ឆ្នាំ, ស្រ្ដីសង្ស័យទី៣-ឈ្មោះ គឿន ស្រីឡាង ភេទស្រី អាយ២៧ឆ្នាំ, ស្រ្ដីសង្ស័យទី៤-ឈ្មោះ លឹម សុភាព ភេទស្រី អាយុ១៩ឆ្នាំ និងស្រ្ដីសង្ស័យទី៥-ឈ្មោះ ថៃ ភាព ភេទស្រី អាយុ៤៣ឆ្នាំ (ស្រ្តី៤នាក់នេះសុទ្ធតែជាជនជាតិខ្មែរ) ។

នគរបាលបានអោយដឹងផងដែរថា ក្នុងប្រតិបត្តិការនេះ ផ្ទះទី១ ផ្ទះផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូហុងដា today ពណ៌ខ្មៅ ១គ្រឿង និងផ្ទះទី២ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្ត១គ្រឿងម៉ាក់Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២C-៨៨៦៣ ។ ថែមទាំងដកហូតឯកសារមួយចំនួន រួមមាន លិខិតឆ្លងដែនមួយចំនួន និងឯកសារពាក់ពន្ធ័ ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថា ដោយខ្លួនរាល់ថ្ងៃធ្វើការនៅរោចក្រ បន្ទាបមកក៏មានមិត្តភក្រ្តបបួល ដោយនិយាយថាបានលុយច្រើន រហូតដល់១ម៉ឺនដុល្លារ ពេលគិតៗទៅ ក៏យល់ព្រម ពេលនោះ មិត្តភក្រ្តក៏បានអោយម៉ូតូឌុប ឌុបយកទៅបុរីវិមានភ្នំពេញ តែម្ដង ។ នារីរងគ្រោះបានបន្តអោយដឹងទៀតថា ពេលរូបនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំទៅមន្ទីពេទ្យ ដើម្បីបាញ់មេជីវិតចូលដោយបានឈ្នួលក្នុងតម្លៃ ពពោះកូន១បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងអោយចំនួន៥០០ដុល្លារខែបន្ទាបៗមកទៀត៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត ។ សូមបញ្ជាក់ផងដែរលក្ខណៈ​ពិសេស​នៃ​ការ​ពពោះ​ជំនួស​ក្នុងករណីនេះ ​គឺ​ពេល​ជិត​ដល់​ត្រូវ​ឆ្លងទន្លេ ប្រសូត គឺ​ក្រុមហ៊ុន​បញ្ជូន​ស្ត្រី​ពពោះ​ទៅ​ប្រទេស​ចិន​សម្រាលកូន​រួច​ ទើប​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ ​ហើយ​ប្រគល់​លុយ​បង្គ្រប់​១​ម៉ឺន​ដុល្លារ ។

ក្រោយពេលចប់ប្រតិបត្តការណ៍ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៤៥នាក់ (ក្មេង២នាក់) ប្រុស២នាក់(ប្រុសជនជាតិចិនម្នាក់) ក្នុងនោះស្រ្តីដែរមានផ្ទៃពោះ មានចំនួន៣៣នាក់ ។ សូមបញ្ជាក់ផងដែរចំណែកមនុស្សផ្សេងទៀត ដែលមិនពាក់ព័ន្ធត្រូវនគរបាលអោយត្រឡប់ទៅវិញ ។ ចំណែកស្រ្តីពពោះជំនួសចំនួន៣៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕ ស តារា


ចែករំលែក៖