ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ជិះម៉ូតូដោយល្បឿនលឿនមិនប្រកាន់ស្ដាំបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំងគ្រឿងទទួលរងបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២២និង១០នាទី ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលេខ២០១ ស្ថិតក្នុងភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-4811 ជិះដោយឈ្មោះ ជឿន ជុំ ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់ផ្ទះជួលស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ (របួសធ្ងន់) ។ ចំណែកជនរងគ្រោះម្ខាងទៀតពុំស្គាល់អត្ដសញ្ញាណ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS-6247 (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះឈ្មោះ ជឿនជុំ ជិះម៉ូតូម៉ាហុងដាឌ្រីម ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-4811 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿននិងពុំមានការប្រុងប្រយ័ត្ននោះទេ លុះជិះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅឆ្វេងចូលមកស្ដាំម៉ូតូម្ខាងទៀត បណ្ដាលឲ្យបុកគ្នាពេញមួយទំហឹងធ្វើឲ្យជនរងគ្រោះទាំង២នាក់ទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដសង្រ្គោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ចំណែមធ្យោបាយពាក់ព័ន្ធទាំង២ទាំងគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងដកហូតយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះគឺបណ្ដាលមកពីឈ្មោះ ជឿន ជុំ ជិះម៉ូតូម៉ាហុងដាឌ្រីម ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-4811 បើកដោយល្បឿនលឿន មិនប្រយ័ត្នបានជារេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតទើបបានជាមានរឿងហេតុដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖