ភ្នំពេញ ៖ជនសង្ស័យចំនួន៣នាក់បានហៅកង់បីជិះថាទៅផ្ទះសង្សារតែ ខណៈទៅដល់ចំណុចកន្លែងស្ងាត់ស្រាប់តែធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទ និងលុយរួមទាំងយកកង់បីជិះយកទៅផ្លុងចោលថែមទៀតផង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ទល់មុខវត្តស្រះ ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ សែម សេងហួរ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរត់កង់បី ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិបោះខ្នុរ ឃុំបោះខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ជាអ្នករត់កង់បី ឥណ្ឌា ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1HB-7410 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់ត្រូវបានជនសង្ស័យដែលមានគ្នា៣នាក់ បានហៅគាត់ឲ្យឌុបទៅផ្ទះសង្សារគាត់នៅម្តុំវត្តឃ្មួញ ដោយដឹកពីម្តុំគីឡូលេខ៦ ក្នុងតម្លៃ២៥០០០រៀល ខណៈពេលដឹកជនសង្ស័យតាមផ្លូវលំដែលជនរងគ្រោះស្គាល់ថា មិនមែនជាផ្លូវទៅវត្តឃ្មួញ តែជនសង្ស័យបាននិយាយថា ផ្លូវនឹងហើយពួកគាត់មិនច្រឡំទេ លុះបើកមកដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ ជនសង្ស័យទាំង៣នាក់បានឲ្យគាត់ឈប់ បន្ទាប់មកជនសង្ស័យទាំង៣នាក់បានវាយជាច្រើនដៃចំកណ្តាលមុខ បណ្តលឲ្យបែកមុខបែកមាត់ឈាមហូរពេញមុខ ហើយយកកាំបិតភ្ជង់សង្កត់ចុះក្រោមមិនឲ្យគាត់រើបម្រាស់ឡើយ ហើយដឹកចេញពីកន្លែងកើតហេតុជាច្រើនម៉ែត្រនៅជិតវត្តពោធិ៍វ័ន្តដោយឃើញមានភ្លើងភ្លឺ ជនរងគ្រោះបានរើបម្រាស់ស្រែកឲ្យគេជួយ បន្ទាប់មកជនសង្ស័យបានធាក់ទម្លាក់ពីលើកង់បីរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយជនសង្ស័យបានបើកកង់បីបន្តរត់គេចខ្លួន និងយកទូរស័ព្ទ ម៉ាកសាំស៊ុង១គ្រឿងរួមទាំងលុយមួយចំនួន ។
បន្ទាប់មក ជនរងគ្រោះបានឲ្យប្រជាពលរដ្ឋជួយឃាត់ជនសង្ស័យខាងលើ និងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ លុះជនសង្ស័យទាំង៣នាក់ខាងលើបើកមកដល់ខ្លោងទ្វារវត្តពោធិ៍ខាងលើ ដែលនៅមិនឆ្ងាយពីវត្តនោះបានប្លុងកង់បីចោល ហើយរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់ចំណុចកើតហេតុ និងឲ្យជនរងគ្រោះទៅដាក់ពាក់្យបណ្តឹងនៅប៉ុស្តិ៍គរបាលកំបូល ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ