ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅភូមិព្រែក ឃុំសំរោង ស្រុកភ្នំក្រវាញ និងស្ថាប័នមានសមត្ថកិច្ចមួយចំនួនផងដែរនោះបានបង្ហើបឲ្យដឹងថា ឈើប្រភេទប្រណីតនៅក្នុងឃ្លាំងនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានបាត់អស់ជាច្រើនត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធផ្ទៃក្នុងនៃមន្រ្តីរដ្ឋបាលព្រៃឈើនេះឲ្យដៃ ខណៈមានស្នាមជីករូងដីក្រោមរបងថ្មលូនចូលដើម្បីលួច ។
សេចក្ដីរាយការណ៍ខាងលើបន្តថា ឃ្លាំងទុកឈើនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញដែលបានបាត់ដោយគ្មានមូលហេតុនេះ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយឈើប្រភេទប្រណីតដែលបានបាត់អស់ពីក្នុងឃ្លាំងជាច្រើននោះ គេមិនដឹងបាត់អស់ចំនួនប៉ុន្មាននោះឡើយ គ្រាន់តែគេដឹងថាបាត់ឈើមុខកាត់ធំៗ ហើយក៏មិនដឹងការបាត់នេះនៅវេលាម៉ោងឬថ្ងៃទីប៉ុន្មាននោះដែរ ប៉ុន្តែត្រូវបានគេសង្ស័យអាចបាត់នៅយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ថ្មីៗនេះ លុះដល់ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ទើបបង្កការភ្ញាក់ផ្អើលឡើង នៅគ្រាដែលគេឃើញទ្វារដែកនៃឃ្លាំងទុកឈើមានស្នាមហើប ចំណែករបងថ្មផ្នែកខាងក្រោយឃ្លាំងឈើមានស្នាមជីកលុងដីពីក្រោមផងដែរ ដែលបញ្ហាការបាត់ឈើរបស់រដ្ឋក្នុងឃ្លាំងនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញនេះ ត្រូវបានគេសង្ស័យមានរនុកក្នុងឲ្យដៃក្រុមចោរ ។
ពាក់ព័ន្ធករណីនេះដែរ លោក នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោងបានឆ្លើយតបជាមួយអ្នកសារព័ត៌មាន នគរវត្ត តាមទូរស័ព្ទនាព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ថា លោក មិនទាន់បានចុះទៅពិនិត្យនោះទេ សូមសួរទៅប្រធានអង្កភាព(នាយផ្នែក) ដោយឡែក៖ លោក ហង់ វណ្ណថន នាយរង និងជានាយស្ដីទីនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញថា ជាប់ប្រជុំ ។
ប្រភពរាយការណ៍ខាងលើបន្តទៀតថា គេមើលឃើញយ៉ាងច្បាស់នៃផ្នែករដ្ឋបាលព្រៃឈើក្រវាញមួយនេះ ភាគច្រើនបិទទ្វាររបងស្ងាត់ជ្រងំមិនថា ពេលថ្ងៃឬយប់នោះឡើយ គ្មានមន្រ្តីរដ្ឋបាលព្រៃឈើ ឬមេព្រៃធ្វើការនោះទេ មានតែមេព្រៃស្លៀកពាក់ស៊ីវិលជិះរថយន្តប្រដេញយកលុយពីក្រុមដឹកឈើនៅលើកំណាត់ផ្លូវជាតិ និងផ្លូវលំដូចស្រមោច ហើយគេក៏នៅចាំបានផងដែរ ឆ្នាំកន្លងមក ក្រោមការគ្រប់គ្រងរបស់លោក ថន ប៊ុនថេត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងជាប្រធានស្នាក់ការអង្កការសុីអាយ ផ្នែករដ្ឋបាលព្រៃឈើក្រវាញនេះ ធ្លាប់បាត់ឈើ និងភ្លើងរាលឆាបឆេះអស់ឈើ និងរថយន្តជាច្រើនគ្រឿងដោយគ្មានមូលហេតុ ។
ពាក់ព័ន្ធករណីនេះ សូមស្ថាប័នក្រសួងមានសមត្ថកិច្ច ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាចុះស្រាវជ្រាវ និងពិនិត្យឲ្យបានម៉ត់ចត់ផង ខណៈនាពេលកន្លងមកគេតែងតែឃើញមន្រ្តីជំនាញផ្សេងៗ ពិសេសកងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថបង្រ្កាប់យកមកប្រគល់ឲ្យ ដល់កន្លែងមេព្រៃគ្រប់គ្រង ហើយមិនគួរណា ធ្វើឲ្យបាត់ឈើដោយគ្មានមូលហេតុបែបនេះនោះទេ ៕ ប៉ឹម ពិន